(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង មានគម្រោងបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី ជាលើកដំបូងចាប់តាំងពី រុស្ស៉ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២មក។ នេះបើតាមការដកស្រង់ចេញផ្សាយពីកាសែត Wall Street Journal នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

កាសែតអាមេរិក Wall Street Journal ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលដឹងពីគម្រោងនៃជំនួបរបស់លោក ស៊ី ជិនពីង និងលោក ហ្សេលេនស្គី ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ផ្អែកលើប្រភពដដែលនេះ Wall Street Journal បានបញ្ជាក់ទៀតថាកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូខាងលើនឹងត្រូវធ្វើឡើង បន្ទាប់ពី លោក ស៊ី ជិនពីង បំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នៅសប្ដាហ៍ក្រោយ ដើម្បីជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែ ខាងក្រសួងការបរទេសចិន មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅនឹងការចុះផ្សាយរបស់កាសែត Wall Street Journal នៅឡើយទេ។

គួរបញ្ជាក់ថា សេចក្ដីរាយការណ៍ពីគម្រោងនៃជំនួបជាមួយលោក ហ្សេលេនស្គី និងលោក ពូទីន របស់លោក ស៊ី ជិនពីង កើតមានឡើងចំពេលដែលចិនបានបញ្ចេញផែនការសន្តិភាព ១២ ចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ចិនក៏បានទទួលជោគជ័យផងដែរក្នុងការដើរតួនាទីជាអ្នកសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់។

លោក ស៊ី ជិនពីង មិនដែលបានជួបជជែកជាមួយលោក ហ្សេលេនស្គី នោះទេ ចាប់តាំងពីសង្រ្គាមអ៊ុយក្រែនផ្ទុះឡើងមក។ ប៉ុន្តែ លោកបានជួបជាមួយលោក ពូទីនជាច្រើនលើកទាំងតាម រយៈកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ និងជំនួបដោយផ្ទាល់៕