(វ៉ាស៉ីនតោន)៖ មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសបន្ថែមពីព័ត៌មានលម្អិតស្ដីពីវិធីដែលអូស្ត្រាលី ត្រូវទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS ដែលត្រូវបានបង្កើតឡើងកាលពីជាង១៨ខែមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​នៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣។

នៅក្រោមកិច្ចព្រមព្រៀង AUKUS ដែលគោលដៅចម្បងខ្ទប់ការកើនឡើងឥទ្ធិពលចិន តាមរយៈការថែរក្សា «ឥណ្ឌប៉ាស៊ីហ្វិកសេរី និងបើកចំហ» អូស្ត្រាលីនឹងទិញនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿងពីសហរដ្ឋអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៣៦៨ពាន់លានដុល្លារ ជាមួយជម្រើសទិញ២គ្រឿងបន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងដំណាក់កាលទី១ ដែលនឹងត្រូវធ្វើនៅដើមទសវត្សរ៍ឆ្នាំ២០៣០។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak)និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់ថូនី អាល់បានីស (Anthony Albanese) ដែលបានជួបប្រជុំគ្នាក្នុងកាលីហ្វ័រញ៉ា។

លើសពីនេះទៅទៀត ប្រទេសទាំង៣ ក៏បានប្ដេជ្ញាផងដែរលើកិច្ចសហប្រតិបត្តិការស្ដីពីសមត្ថភាព AI អាវុធល្បឿនលឿនជាងសំឡេង និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ហើយ សហរដ្ឋអាមេរិកនឹងបង្កើនការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរឱ្យទៅធ្វើទស្សនកិច្ចឈប់សំចតនៅឯកំពង់ផែនៃប្រទេសអូស្ត្រាលី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។

គួរបញ្ជាក់ថា តាមរយៈកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីបានក្លាយជាដៃគូយ៉ាងពេញលេញ និងជាប្រទេសទី៣ ដែលនឹងទទួលបានបច្ចេកវិទ្យានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ពីសហរដ្ឋអាមេរិក ដែលកន្លងមកបានចែករំលែកបច្ចេកវិទ្យាសម្ងាត់នេះតែជាមួយចក្រភពអង់គ្លេសប៉ុណ្ណោះ៕