(វ៉ាស៊ីនតោន)៖ ខណៈពិភពលោកកំពុងទន្ទឹងរង់ចាំ សហរដ្ឋអាមេរិកប្រកាសពីកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល ចិនបាន​បង្ក ភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការជួយសម្របសម្រួល និងសម្រេចបាននូវកិច្ចព្រមព្រៀងស្ដារទំនាក់ទំនងការទូតឡើងវិញរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ កាលពី ថ្ងៃទី១០ ខែមីនាកន្លងទៅនេះ។ ប្រសិនបើអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ពិតជាអាចអនុវត្តតាមកិច្ចព្រមព្រៀងនេះពិតមែន នោះវាអាចនឹងធ្វើឱ្យតំបន់មជ្ឈិមបូព៌ាស្គាល់នូវ ស្ថិរភាពមួយមិនធ្លាប់បានឃើញពីមុនមក បើទោះជាអារ៉ាប៊ីសាអូឌីតនៅតែមានការសង្ស័យចំពោះមហិច្ឆតាចង់គ្រប់គ្រងតំបន់ទាំងមូលរបស់អ៉ីរ៉ង់ក៏ដោយ។

នៅពីក្រោយកិច្ចព្រមព្រៀងនេះ អ្វីដែលសំខាន់ នោះគឺវាបង្ហាញពីកិច្ចសហប្រតិបត្តិការកាន់ស៊ីជម្រៅរវាងចិន និងអារ៉ាប៊ីសាអូឌីត ដែលសុទ្វសឹងតែមានការព្រួយបារម្ភ ឥតឧបមា ដោយខ្លាចសង្រ្គាមណាមួយផ្ទុះឡើងក្នុងតំបន់មជ្ឈិមបូព៌ានឹងបំផ្លាញ «មហិច្ឆតារយៈពេលវែង» នៃប្រទេសទាំង២។ ព្រះអង្គម្ចាស់រជ្ជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន បានប្ដេជ្ញាចិត្តប្រែក្លាយអារ៉ាប៊ីសាអូឌីត ទៅជាមហាអំណាចដ៏សំខាន់មួយនៅលើពិភពលោក នៅឆ្នាំ២០៣០ រីឯប្រធានាធិបតីចិន លោក ស៊ី ជិនពីងវិញ ចង់ ទម្លាក់សហរដ្ឋអាមេរិកចេញពីតំណែងជាកំពូលមហាអំណាចពិភពលោក ប៉ុន្តែចិនមិនអាចធ្វើរឿងបែបនេះបានឡើយ បើមិនមានប្រេងពីតំបន់មជ្ឈិមបូព៌ាទេនោះ។ ខណៈអ៉ីរ៉ង់កាន់តែខិតជិតទៅរកការផលិតគ្រាប់បែកនុយក្លេអ៊ែរ ទាំងទីក្រុងប៉េកាំង និងទីក្រុងរីយ៉ាដ ភ័យខ្លាចថាការវាយប្រហាររបស់អ៉ីស្រាអែល អាចនឹងបង្កឱ្យសង្រ្គាម នៅក្នុងតំបន់ទាំងមូលផ្ទុះឡើង ហើយព្រមពេលជាមួយគ្នា គ្រាប់បែកនុយក្លេអ៊ែររបស់អ៉ីរ៉ង់ក៏គំរាមកំហែងដល់អារ៉ាប៊ីសាអូឌីតដូចគ្នាដែរ។​

ម្លោះហើយ ដោយសន្និដ្ឋានថាសហរដ្ឋអាមេរិកគ្មានឆន្ទៈពិតប្រាកដក្នុងការរារាំងមិនឱ្យអ៉ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ របបដឹកនាំអារ៉ាប៊ីសាអូឌីតបានសម្រេចចិត្តផ្លាស់ប្ដូរពី ការប្រឈមមុខដាក់គ្នា មកជាការសម្រុះសម្រួលគ្នាវិញ។ «យើងត្រូវតែទទួលស្គាល់ការពិត ហើយស្វែងរកមធ្យោបាយដើម្បីរស់នៅជាមួយនុយក្លេអ៊ែរអ៉ីរ៉ង់ ដូច្នេះហើយ យើងនឹងផ្លាស់ប្ដូរពីទំនាក់ទំនងអរិភាព ទៅជាទំនាក់ទំនងដ៏ល្អប្រសើរ»។ នេះជាការលើកឡើងរបស់មន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់ប្រាប់កាសែត Wall Street Journal។ តែយ៉ាងណាក៏ដោយ គោលដៅពិតប្រាកដអាចមានច្រើនជាងនេះ គឺអារ៉ាប៊ីសាអូឌីត ចង់បង្កើនការដាក់សម្ពាធលើអាមេរិកឱ្យបោះបង់ចោលអ៉ីរ៉ង់ និងផ្ដល់ធានារ៉ាប់រង សន្តិសុខតាមការចង់បានរបស់ទីក្រុងរីយ៉ាដ ជាថ្នូរនឹងការទទួលស្គាល់អ៉ីស្រាអែល។ ការទទួលស្គាល់ ឬការបង្កើតទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលនៅតែជា គោលបំណងមួយរបស់អារ៉ាប៊ីសាអូឌីត ប៉ុន្តែវាមិនមែនត្រូវធ្វើឡើងជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាព Abraham Accords ទេ។ ការភ្ជាប់ទំនាក់ទំនងការទូតរវាង អារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល នឹងក្លាយជាគំនិតផ្ដួតផ្ដើមថ្មីមួយដែលនឹងត្រួសត្រាយផ្លូវឱ្យបណ្ដាប្រទេសអ៉ីស្លាមធំៗ ដូចជាឥណ្ឌូណេស៊ី និងម៉ាឡេស៉ី បង្កើត ទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែលដែរ។

ជាការដោះដូរ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ចង់ឱ្យសហរដ្ឋអាមេរិកប្រកាសចាត់ទុកអារ៉ាប៊ីសាអូឌីតជា «សម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយ» បើកដៃឱ្យទីក្រុងរីយ៉ាដចូលទៅក្នុង ឧស្សាហកម្មអាវុធអាមេរិក ក៏ដូចជាគាំទ្រដល់ផែនការរបស់ព្រះអង្គក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងការអភិវឌ្ឍកសាងរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ១៦កន្លែង ក្នុង ប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងពេល២ទសវត្សរ៍ទៅមុខ ស្របពេលផែនការនេះរងការជំទាស់យ៉ាងខ្លាំងនៅឯសភាទាំង២របស់សហរដ្ឋអាមេរិក។ តាមរយៈ កិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងការផ្សះផ្សាជម្លោះរវាងអារ៉ាប៊ីសាអូឌីត និងអ៉ីរ៉ង់ ព្រះអង្គម្ចាស់ ប៊ីន សាល់ម៉ាន ក៏មានបំណងបង្កើនការដាក់សម្ពាធលើសហរដ្ឋអាមេរិក ឱ្យធានាផងដែរនូវអ្វីដែលជាផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អារ៉ាប៊ីសាអូឌីត នោះគឺការកសាងស្ថិរភាពក្នុងតំបន់ដែលអាស្រ័យលើអារ៉ាប៊ីសាអូឌីត និងអ៉ីស្រាអែល។ ក្នុងន័យនេះ​ បើលោកប្រធានាធិបតី ចូ បៃដិន ចង់សម្រេចបានភាពជោគជ័យខាងការទូត លោកនឹងត្រូវទទួលយកសំណើមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតុ៕