(កដ្ឋមណ្ឌូ)៖ យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Shree Airlines បានធ្វើការចុះចតជាបន្ទាន់នៅក្នុងប្រទេសនេប៉ាល់ នាថ្ងៃព្រហស្បតិ៍នេះ ក្រោយពីឡុតមើលឃើញសញ្ញាបង្ហាញថា មានភ្លើងឆេះនៅក្នុងម៉ាស៉ីនមួយចំហៀងរបស់យន្តហោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

យន្តហោះខាងលើប្រភេទ Dash 8 ស្ថិតក្នុងជើងហោះហើរក្នុងស្រុក ដែលមានគោលដៅធ្វើដំណើរចេញពីរដ្ឋធានីកដ្ឋមណ្ឌូ ឆ្ពោះទៅកាន់ទីក្រុងបៃរ៉ាហាវ៉ា (Bhairahawa) ភាគនិរតីប្រទេសនេប៉ាល់ ជាមួយមនុស្សសរុបចំនួន៧៨នាក់ ដោយរាប់បញ្ចូលទាំងក្រុមការងាររបស់យន្តហោះផ្ទាល់។ អ្នកនាំពាក្យរបស់​អាកាសចរណ៍ Shree Airlines បាននិយាយថា ពីឡុតបានរាយការណ៍អំពីសញ្ញា ដែលបង្ហាញថាមានភ្លើងឆេះនៅក្នុងម៉ាស៉ីនផ្នែកខាងស្តាំ ហើយយន្តហោះ​ក៏ត្រូវបានបង្វែរទិសដៅធ្វើដំណើរភ្លាមៗ ត្រឡប់ទៅកាន់ទីក្រុងកដ្ឋមណ្ឌូ។ ចំណែក អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៉ីវិលនេប៉ាល់ បានប្រាប់ថា នៅពេលយន្តហោះបានមកដល់ព្រលានយន្តហោះកដ្ឋមណ្ឌូវិញ ប៉ុន្តែ គេមិនមានឃើញមានភ្លើងឆេះនៅក្នុងម៉ាស៉ីនណាមួយរបស់វាឡើយ។ យ៉ាងណាក្តី អ្នកដំណើរនិងក្រុមការងារយន្តហោះ មានសុវត្ថិភាពទាំងអស់។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំនេះ យន្តហោះមួយគ្រឿងប្រភេទ ATR 72 របស់ក្រុមហ៊ុនអាកាសចរណ៍នេប៉ាល់ Yeti Airlines ដែលផ្ទុកមនុស្ស៧២នាក់ បានធ្លាក់ទាំងនៅក្រោមអាកាសធាតុល្អធម្មតា មុនពេលវាត្រូវចុះចតនៅក្រុងទេសចរណ៍មួយ ឈ្មោះថា ប៉ូខារ៉ា (Pokhara) ចម្ងាយ១២៥គីឡូម៉ែត្រពីទីក្រុងកដ្ឋមណ្ឌូ៕