(គូឡាឡាំពួ)៖ ប្រមុខទីភ្នាក់ងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៉ី បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក មូយីដឌីន យ៉ាស៉ីន (Muhyiddin Yassin) នឹងត្រូវចោទប្រកាន់ជាផ្លូវការ សម្រាប់បទល្មើសពាក់ព័ន្ធអំពើពុករលួយ នៅថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយម៉ាឡេស៉ី ហៅកាត់ MACC លោក អាហ្សាម បាគី (Azam Baki) មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ ប៉ុន្តែលោកថា ទីភ្នាក់ងារនឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃព្រហស្បតិ៍នេះ។ លោក មូយីដឌីន ដែលធ្លាប់កាន់មុខតំណែងជា នាយករដ្ឋមន្រ្តីម៉ាឡេស៉ីបានរយៈពេលចំនួន១៧ខែ កាលពីចន្លោះឆ្នាំ២០២០-២០២១ បានចូលបង្ហាញខ្លួននៅទីស្នាក់ការរបស់ទីភ្នាក់ងារ MACC កាលពីវេលាព្រឹកថ្ងៃនេះ សម្រាប់ការសាកសួរ។

អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ីរូបនេះ ហើយនិងគណបក្សរបស់លោក គឺបានប្រឈមការស៉ើបអង្កេតពាក់ព័ន្ធអំពើពុករលួយ ចាប់តាំងពីទទួលបរាជ័យក្រោម​ដៃ នាយករដ្ឋមន្រ្តីបច្ចុប្បន្នគឺ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) នៅក្នុងការបោះឆ្នោតដែលមានលក្ខណៈប្រកួតប្រជែងយ៉ាងស្វិតស្វាញមួយ កាលពី​វិច្ឆិកា ឆ្នាំ២០២២។

គួរបញ្ជាក់ថា កាលពីចុងឆ្នាំមុន លោក អាន់វ៉ា បានចេញបញ្ជាឱ្យមានការត្រួតពិនិត្យឡើងវិញ ចំពោះគម្រោងផ្សេងៗរបស់រដ្ឋាភិបាល មានតម្លៃសរុបរាប់ពាន់​លានដុល្លារ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលលោក មូយីដឌីន ក្នុងនោះរួមមានទាំងកម្មវិធីផ្តល់ជំនួយទាក់ទងវិបត្តិកូវីដ១៩ ក្រោមការសង្ស័យថា ថវិកានៃគម្រោងទាំងអស់នោះ ត្រូវបានចំណាយដោយពុំមានការឆ្លងកាត់នីតិវិធីត្រឹមត្រូវ៕