(សាន់ត្យាហ្គោ)៖ ការប៉ុនប៉ងប្លន់ប្រាក់រាប់សិបលានដុល្លារ នៅឯអាកាសយានដ្ឋានមួយកន្លែងក្នុងប្រទេសឈីលី (ស៉ីលី) បានបង្កឱ្យមានការបាញ់​ប្រយុទ្ធគ្នា ដែលបណ្តាលឱ្យជនប្រដាប់អាវុធម្នាក់ ហើយនិងមន្រ្តីសន្តិសុខអាកាសយានដ្ឋានម្នាក់ បាត់បង់ជីវិត ខណៈសកម្មភាពនោះទទួលបរាជ័យ។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ហេតុការណ៍ខាងលើបានកើតឡើង កាលពីវេលាព្រឹកថ្ងៃពុធសប្តាហ៍នេះ នៅអាកាសយានដ្ឋានអន្តរជាតិ អាទូរ៉ូ មេរីណូ បេនីតេស (Artuno Merino Benitez) ដែលស្ថិតក្នុងរដ្ឋធានីសាន់ត្យាហ្គោនៃប្រទេសឈីលី។ ពួកចោរដែលមានគ្នីគ្នាចន្លោះ១០-១២នាក់ បានធ្វើសកម្មភាពវាយប្រហារទៅលើ បុគ្គលិកព្រលានយន្តហោះ ដែលកំពុងផ្លាស់ទីលុយជាសាច់ប្រាក់សុទ្ធសរុបចំនួន ៣២.៥លានដុល្លារអាមេរិក ចេញពីក្នុងយន្តហោះមួយគ្រឿង។

រដ្ឋអាជ្ញាឈីលីដែលទទួលបន្ទុកដឹកនាំ ការស៉ើបអង្កេតជុំវិញករណីខាងលើ បានឱ្យដឹងថា លុយទាំងនោះត្រូវបានដឹកមកដល់តាមយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ LATAM ចេញពីទីក្រុងម៉ាយអាមី (Miami) នៃសហរដ្ឋអាមេរិក ដែលនឹងត្រូវប្រគល់ឱ្យទៅក្រុមហ៊ុនសន្តិសុខ Brinks ចាត់ចែងមើលការខុសត្រូវ ប៉ុន្តែស្រាប់តែនៅចំណុចមួយនោះ ក្រុមជនប្រដាប់អាវុធខាងលើ ក៏បានសម្រុកចូលមកធ្វើសកម្មភាព ប៉ុន្តែត្រូវទប់ស្កាត់បានដោយកងកម្លាំងសន្តិសុខ។

គួរបញ្ជាក់ថា ព្រលានយន្តហោះខាងលើ គឺធ្លាប់ជាគោលដៅនៃសកម្មភាពប្លន់ប្រាក់រាប់លានដុល្លារ នាពេលកន្លងមក។ កាលពីឆ្នាំ២០១៧ ជនប្រដាប់អាវុធ​មួយក្រុម លួចបានលុយខ្ទង់១៨លានដុល្លារ ខណៈ៣ឆ្នាំក្រោយមកទៀត សកម្មភាពលួចប្លន់ស្រដៀងគ្នា យកបាន១៥លានដុល្លារ ពីរថយន្តការពារគ្រាប់១គ្រឿង៕