(កៀវ)៖ អាជ្ញាធរប្រចាំតំបន់នៅអ៊ុយក្រែន បាន​ឱ្យដឹងថា នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍នេះ រុស្ស៉ីបានបើកការវាយប្រហារថ្មីទៀតតាមផ្លូវអាកាស ទៅលើគោលដៅ​ពាសពេញប្រទេសអ៊ុយក្រែន ស្របពេលដែលការប្រយុទ្ធគ្នាលើដីគោកនៅឯទីក្រុងបាកមូត កំពុងបន្តយ៉ាងស្វិតស្វាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

តំបន់និងទីក្រុងអ៊ុយក្រែន ដែលបានទទួលរងការវាយប្រហារជុំថ្មីនេះរបស់រុស្ស៉ី រួមមានតាំងពីខាកៀវ (Kharkiv) នៅភាគខាងជើង, អូដេសា (Odesa) នៅភាគខាងត្បូង, ហ្ស៉ីតូមៀ (Zhytomyr) នៅភាគខាងលិច, ឌីនីប្រូ (Dnipro) នៅភាគកណ្តាល ជាដើម រួមនិងរដ្ឋធានីកៀវ។ ការវាយប្រហារបានត្រូវចំ ​អគារស្នាក់នៅនិងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុង​តំបន់និងទីក្រុងទាំងនោះ ដែលជាហេតុបណ្តាលឱ្យមានការដាច់រចន្តអគ្គិសនី និងបង្កឱ្យមនុស្សមួយចំនួនរងរបួស ប៉ុន្តែហាក់ពុំមាន​សេចក្តីរាយការណ៍ពីអ្នកបាត់បង់ជីវិតឡើយ។

គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសខាងលើ កើតឡើងស្របពេលដែលការប្រយុទ្ធគ្នាដ៏តានតឹងនៅលើដីផ្ទាល់ ដើម្បីទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតអ៊ុយក្រែនកំពុងតែបន្ត។ ទីក្រុងនេះត្រូវបានកងកម្លាំងរុស្ស៉ីព្យាយាមដណ្តើមគ្រប់គ្រងរយៈពេលប៉ុន្មានខែមកហើយ ខណៈទាំងសងខាង​សុទ្ធតែទទួលរងការបាត់បង់កម្លាំងធ្ងន់ធ្ងរដូចគ្នា។ យ៉ាងណាមិញ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខអង្គការណាតូ (NATO) បានព្រមានថា ទីក្រុងបាកមូតអាចនឹង​ធ្លាក់ទៅក្នុងដៃរុស្ស៉ីដោយចៀសមិនផុត នៅប៉ុន្មានថ្ងៃខាងមុខ៕