(ស៉ីដនី)៖ រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ាក បាត់ល័រ (Mark Butler) បាននិយាយនៅព្រហស្បតិ៍នេះថា ប្រទេសអូស្ត្រាលីនឹងលុបចោលលក្ខខណ្ឌធ្វើតេស្តរកកូវីដ១៩ មុនពេលចេញដំណើរ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែមីនាតទៅ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

វិធានការនេះក៏អនុវត្តចំពោះអ្នកដំណើរមកពីហុងកុង និងម៉ាកាវផងដែរ។ លោក បាត់ល័រ បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា «នេះគឺជាការសម្រេចចិត្តដ៏សមហេតុផល និងវាស់វែង ដោយផ្អែកលើការថយចុះនៃចំនួនករណីកូវីដ១៩ ក្នុងប្រទេសចិន ការធ្វើបច្ចុប្បន្នភាពទិន្នន័យជាប្រចាំពីប្រទេសចិនអំពីចំនួនករណីឆ្លង និងការពិតដែលថាយើងបានពង្រឹងសមត្ថភាពរបស់យើងក្នុងការរកឃើញ ក៏ដូចជាឆ្លើយតបទៅក្តីបារម្ភជាអន្តរជាតិក្នុងប្រទេសអូស្រា្តលី»

គួរបញ្ជាក់ថា បណ្តាប្រទេសមួយចំនួនទៀតបានអនុវត្តវិធានការស្រដៀងគ្នានេះ ដូចជាសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដោយនាពេលថ្មីៗនេះ បានលុបចោលការរៀបចំរបស់ពួកគេ បន្ធូរបន្ថយវិធានការរបស់ខ្លួនសម្រាប់អ្នកដំណើរមកពីប្រទេសចិន ឬបានប្រកាសពីចេតនាលុបចោលនូវវិធានការទាំងនេះតែម្តង៕