(មូស្គូ)៖ ម្តាយរបស់លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន (Yevgeny Prigozhin) ដែលជាប្រធានក្រុមហ៊ុនទាហានស៉ីឈ្នួលក្នុងប្រទេសរុស្ស៉ី នៅថ្ងៃពុធសប្តាហ៍នេះបានឈ្នះការតវ៉ាផ្លូវច្បាប់មួយ ដើម្បីលុបចោលទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើរូបលោកយាយ ខណៈដែលតុលាការមិនមានភស្តុតាងណាមួយដែលបង្ហាញថាលោកយាយ ត្រូវទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួននោះទេ។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង សហភាពអឺរ៉ុបបានចាត់វិធានការលើបុគ្គល និងអង្គភាពរុស្ស៉ីជិត១,៧០០។ ការសម្រេចលុបចោលទណ្ឌកម្មចំពោះ លោកយាយ វ៉ាយអូឡេតតា ព្រីហ្គូហ្ស៉ី (Violetta Prigozhina) អាយុ ៨៣ឆ្នាំ គឺជាករណីដ៏កម្រនៃបុគ្គលម្នាក់ដែលអាចយកឈ្នះលើការដាក់ទណ្ឌកម្មរបស់ EU ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ផ្អែកលើការផ្សព្វផ្សាយពីសកម្មភាពឈ្លានពាន ដោយប្រើប្រាស់ភាសាមិនសមរម្យជាមួយនិងការធ្វើដំណើរជាញឹកញាប់ទៅកាន់សមរភូមិជួរមុខ លោក យេវហ្គីនី ព្រីហ្គូហ្ស៉ីន បានក្លាយទៅជាបុគ្គលលេចធ្លោបំផុតនៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ ប៉ុន្តែតុលាការយុត្តិធម៌របស់សហភាពអឺរ៉ុប ប្រកាសថា EU បានបរាជ័យក្នុងការបង្ហាញភស្តុតាងជាប់ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក យេវហ្គីនី ក្នុងតួនាទីជាម្តាយ ហើយការកំណត់ទណ្ឌកម្មលើរូបលោកយាយ គឺផ្អែកតែលើទំនាក់ទំនងគ្រួសាររបស់ពួកគេប៉ុណ្ណោះ។ យ៉ាងនេះក្តី អ្នកនាំពាក្យរបស់សហភាពអឺរ៉ុបបាននិយាយថា សេចក្តីសម្រេចរបស់តុលាការគ្រាន់តែលុបចោលទណ្ឌកម្ម ដែលដាក់ក្នុងបញ្ជីកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ប៉ុណ្ណោះ។ រីឯការសម្រេចចិត្តកាលពីថ្ងៃទី១៤ ខែកញ្ញា នៅតែជាធរមានដដែល។

គួរបញ្ជាក់ថា ជ័យជម្នះនេះបានកើតឡើងចំពេលដែលកូនប្រុសរបស់ លោកយាយ ដែលជាប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner អះអាងពីការជឿនលឿនថ្មីនៃក្រុមរបស់ខ្លួននៅក្នុងការប្រយុទ្ធដ៏ឃោរឃៅ ដើម្បីដណ្តើមកាន់កាប់ទីក្រុងបាកមូត (Bakhmut) របស់អ៊ុយក្រែន៕