(វ៉ាស៉ីនតោន)៖ ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក នៅថ្ងៃពុធសប្តាហ៍នេះបាននិយាយថា ប្រទេសចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយរុស្ស៊ី ដើម្បីព្យាយាមប្រជែងជាមួយសហរដ្ឋអាមេរិក បើទោះបីជាមានការថ្កោលទោសជាអន្តរជាតិចំពោះការឈ្លានពានអ៊ុយក្រែនក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

នៅចំពោះមុខគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា ដែលបានបើកសវនាការប្រចាំឆ្នាំរបស់ខ្លួន ដើម្បីវាយតម្លៃលើការគំរាមកំហែងទូទាំងពិភពលោកចំពោះសន្តិសុខសហរដ្ឋអាមេរិក ក្រុមមន្រ្តីចារកម្ម បានផ្តល់របាយការណ៍ថា ថ្វីបើមានប្រតិកម្មជាសកលជុំវិញការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនក៏ដោយ ក៏ចិននឹងរក្សាកិច្ចសហប្រតិបត្តិការការទូត ការពារជាតិ សេដ្ឋកិច្ច និងបច្ចេកវិទ្យាជាមួយរុស្ស៊ី ដើម្បីបន្តព្យាយាមប្រជែងជាមួយសហរដ្ឋអាមេរិក។

លោកស្រី អាវរីល ហែនណេស (Avril Haines) ដែលជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិមួយនេះ ក៏បានគូសបញ្ជាក់ផងដែរថា «ប្រហែលជាមិនចាំបាច់ត្រូវរៀបរាប់ច្រើនទេ បញ្ហាដែលចិនកំពុងបង្កើនការប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិកលើវិស័យសេដ្ឋកិច្ច បច្ចេកវិទ្យា នយោបាយ និងយោធា នៅជុំវិញពិភពលោក នៅតែជាអាទិភាពរបស់យើង។ ដើម្បីបំពេញទស្សនវិស័យរបស់មេដឹកនាំចិន លោក ស៉ី ជិនពីង ក្នុងការប្រែក្លាយប្រទេសឲ្យទៅជាមហាអំណាចមួយ បក្សកុម្មុយនិស្តចិន (CCP) ជឿជាក់កាន់តែខ្លាំងថា ដើម្បីធ្វើបែបនោះបានលុះត្រាតែខ្លួនអាចប្រជែងអំណាច និងឥទ្ធិពលជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ»

អំឡុងពេលសួរដេញដោល សមាជិកព្រឹទ្ធសភាមួយដែលមានជំហរប្រឆាំងនឹងគណបក្សប្រជាធិបតេយ្យ លោក អង់ហ្គូស ឃីង (Angus King) បានស្នើសុំទស្សនៈរបស់លោកស្រី ហែនណេស ជុំវិញទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ដោយចោទជាសំណួរថាតើវាជាភាពផ្អែមល្ហែមបណ្ដោះអាសន្ន ឬយូអង្វែង?។ លោកស្រី ហែនណេស បានឆ្លើយតបយ៉ាងដូច្នេះថា «វាជាទំនាក់ទំនងដែលកំពុងបន្តហើយកាន់តែស៊ីជម្រៅ។ តែយើងស្ទាក់ស្ទើរក្នុងការកំណត់លក្ខណៈនៃចំណងមិត្តភាពទីក្រុងប៉េកាំង និងមូស្គូ ថាល្អពិតប្រាកដ។ វានៅមានដែនកំណត់មួយចំនួនពីភាពជាដៃគូនោះ»

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថាមួយកាលពីដើមសប្តាហ៍នេះ លោក ស៉ី ជិនពីង បានស្តីបន្ទោសលោកខាងលិចថាបានបង្កការលំបាកដល់សេដ្ឋកិច្ចរបស់ចិន ហើយចោទប្រកាន់សហរដ្ឋអាមេរិកថា បានដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីទប់ស្កាត់ប្រទេសចិន។ ក្រៅពីផ្តោតសំខាន់លើការគំរាមកំហែងពីចិន និងរុស្ស៊ី ហើយនោះ របាយការណ៍របស់ទីភ្នាក់ងារចារកម្មអាមេរិកខាងលើនេះ ក៏បានវាយតម្លៃថា ចិននឹងបន្តគំរាមកំហែងគូប្រជែងនៅសមុទ្រចិនខាងត្បូង ហើយនឹងបង្កើតសកម្មភាពបន្តពីឆ្នាំ២០២២ ដែលអាចរាប់បញ្ចូលទាំងការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ឬការប្រើកម្លាំងយោធាដើម្បីបង្រួបបង្រួមជាមួយតៃវ៉ាន់ ផងដែរ៕