(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បាននិយាយថាលោកមិនមានគម្រោងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែននោះទេ បន្ទាប់ពី ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអញ្ជើញរូបលោកឱ្យមកមើលស្ថានការណ៍ជាក់ស្ដែងនៅអ៊ុយក្រែន។​ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងបទសម្ភាសន៍ជាមួយ CNN​ ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានស្នើសុំឱ្យលោក McCarthy មកមើលស្ថានការណ៍ក្នុងប្រទេស អ៊ុយក្រែនដោយផ្ទាល់។ «លោក McCarthy ត្រូវតែមកទីនេះ (អ៊ុយក្រែន) ដើម្បីមើលថាតើពួកយើងកំពុងធ្វើការយ៉ាងដូចម្ដេច ថាតើមានអ្វីកំពុងកើតឡើងនៅទីនេះ...រួចហើយ ចាំធ្វើការសន្មត់តាមក្រោយ»។ នេះជាការគូសបញ្ជាក់របស់លោក ហ្សេលេនស្គី។

ប៉ុន្តែ នៅពេលត្រូវបានសាកសួរពីការអញ្ជើញរបស់លោក ហ្សេលេនស្គី លោក McCarthy បានប្រាប់ CNN ថាលោកមិនចាំបាច់ធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនទេ ហើយលោកអាចទទួលបានព័ត៌មានតាមវិធីផ្សេង។ ប្រធានសភាតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងដូច្នេះថា «ខ្ញុំនឹងបន្តទទួលព័ត៌មាន ប៉ុន្តែខ្ញុំនឹងមិនធ្វើដំណើរទៅកាន់អ៊ុយក្រែន ឬទីក្រុងកៀវ ដើម្បីមើលស្ថានការណ៍ដោយផ្ទាល់នោះទេ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មកទល់នឹងពេលនេះ បានផ្ដល់ជំនួយជិត ៣២ពាន់លានដុល្លារហើយសម្រាប់អ៊ុយក្រែន ប្រើប្រាស់នៅក្នុងសង្រ្គាមប្រយុទ្ធតតាំងនឹងការឈ្លានពាន ពីសំណាក់រុស្ស៉ី។ ប៉ុន្តែ ក្រុមអ្នកសាធារណរដ្ឋមួយចំនួន តួយ៉ាងដូចជាលោក McCarthy ជាដើមបានបង្ហាញការជំទាស់ទៅនឹងការផ្ដល់ជំនួយបន្ថែមដល់ទីក្រុងកៀវ៕