(កៀវ)៖ អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថាទីក្រុងបាកមូត (Bakhmut) នៃតំបន់ភាគកើតនៃប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៉ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីការវាយប្រយុទ្ធយ៉ាងសាហាវ អស់ពេលរាប់ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក ស្ដូលធិនបឺគ កើតមានឡើង ខណៈក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៉ី Wagner ដែលកំពុងដឹកនាំប្រតិបត្តិការសឹកនៅក្នុងទីក្រុង បាមូត បានអះអាងថាទាហានរបស់ខ្លួន វាយដណ្ដើមកាន់កាប់បានផ្នែកខាងកើតទាំងមូលនៃទីក្រុងបាកមូត។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រមុខ NATO រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចបដិសេធនោះទេ ពីលទ្ធភាពដែលទីក្រុងបាកមូត អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តែវាក៏មិនមែនមានន័យថា ជាការឆ្លុះបញ្ចំាងពីចំណុចរបត់ថ្មីមួយនៃសង្រ្គាមនោះដែរ»

គួរបញ្ជាក់ថា បើតាមថៅកែក្រុមហ៊ុន Wagner កងទ័ពអ៊ុយក្រែនប្រហែលជា ១២,០០០ ដល់២០,០០០នាក់ កំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត ខណៈមាន ការព្រមានថាបើទីក្រុងមួយនេះធ្លាក់ចូលក្នុងដៃរុស្ស៉ីមែន នោះវាអាចនឹងផ្ដល់ភាពងាយស្រួលដល់ទីក្រុងមូស្គូក្នុងការបើកប្រតិបត្តិការវាយលុកលើទីក្រុងដទៃទៀត ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយអ៊ុយក្រែន នៅក្នុងតំបន់ភាគខាងកើត៕