(តូក្យូ)៖ សង្រ្គាមរបស់លោក វ្ល៉ាឌីមៀ ពូទីន នៅអ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគជាច្រើនមើលឃើញថាបាន និងកំពុងធ្វើឱ្យសណ្ដាប់ធ្នាប់ រួមទាំងភូមិសាស្ត្រនយោបាយអន្តរជាតិបានប្រែប្រួល ដោយ ក្នុងនោះសូម្បីតែជប៉ុនដែលជាប្រទេសសន្តិនិយម អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ក៏បានចាប់ផ្ដើមកែប្រែគោលនយោបាយយោធារបស់ខ្លួនឯងផងដែរ។ នៅក្នុងនយោបាយអន្តរជាតិ មូលដ្ឋានគ្រឹះ នយោបាយនៃសន្តិសុខអន្តរជាតិ គឺត្រូវបានកសាងឡើង និងផ្អែកទៅលើ «សុឆន្ទៈនៃការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក» រវាងរដ្ឋ និងរដ្ឋ ហើយវាមានហេតុផលសំខាន់ ៣យ៉ាង៖ ម្យ៉ាង វាមិនមែន ជារឿងងាយស្រួលឡើយ ក្នុងការផ្សះផ្សាជម្លោះ ឬផលប្រយោជន៍តាមរយៈកិច្ចចរចា។ ទី២៖ តែវាក៏គ្មានជម្រើសណាផ្សេងប្រសើរជាងកិច្ចចរចានោះដែរ និងទី៣៖ បរាជ័យនៅក្នុង «ឆន្ទៈនៃ ការប្រាស្រ័យទាក់ទងគ្នា» នៅក្នុងចំណោមរដ្ឋជាភាគីចរចា អាចនឹងនាំឱ្យសង្រ្គាមផ្ទុះឡើងគ្រប់ពេលវេលា។

ដូច្នេះ «ឆន្ទៈនៃការប្រាស្រ័យទាក់ទងគ្នា» ពិតជាមានសារៈសំខាន់បំផុត ហើយខណៈបណ្ដាប្រទេសនានាកំពុងឆ្លងកាត់ពេលវេលានៃការផ្លាស់ប្ដូរយ៉ាងធំ នៅក្នុងសណ្ដាប់ធ្នាប់អន្តរជាតិ ពួកគេបាន និងកំពុងប្រឈមមុខនឹងបញ្ហាថាតើត្រូវធ្វើយ៉ាងណា ទើបអាចរក្សាបាននូវ «ឆន្ទៈនៃការប្រាស្រ័យទាក់ទងគ្នា»?

* ទស្សនយល់ឃើញផ្ទុយគ្នាចំពោះសណ្ដាប់ធ្នាប់អន្តរជាតិ
បច្ចុប្បន្ន ទំនាក់ទំនងរវាងចិន និងជប៉ុន មានការផ្លាស់ប្ដូរយ៉ាងខ្លាំងដែលសឹងតែមិនអាចត្រឡប់ក្រោយវិញបានឡើយ។ ក្រុមអ្នកវិភាគ មកពីប្រទេសទាំង២ តែងតែផ្ដោតលើសារៈសំខាន់នៃឆន្ទៈនៃការ ប្រាស្រ័យទាក់ទងគ្នា និងសង្កត់ធ្ងន់ពីតម្លៃលើការផ្លាស់ប្ដូរយោបល់យ៉ាងជិតស្និទ្ធរវាងចិន និងជប៉ុន ជាពិសេសគឺការទំនាក់ទំនងគ្នាដោយផ្ទាល់រវាងមេដឹកនាំនៃប្រទេសទាំង២តែម្ដង។ ក៏ប៉ុន្តែ វាមាន បញ្ហាចោទដ៏សំខាន់មួយ នោះគឺថាតើទំនាក់ទំនងប្រភេទណារវាងចិន និងជប៉ុន ដែលគួរតែត្រូវបានកសាងឡើងតាមរយៈការប្រាស័យទាក់ទងគ្នាប្រកបដោយសុឆន្ទៈ?

មេដឹកនាំចិន និងជប៉ុន បានលើកឡើងថាទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូនាពេលបច្ចុប្បន្ន ជាទំនាក់ទំនងប្រកបដោយលក្ខណៈស្ថាបនា និងស្ថិរភាព។ តែនេះគ្រាន់តែជាភាសាការទូត និយាយឱ្យតែពិរោះស្ដាប់ប៉ុណ្ណោះ ដោយធាតុពិតជាក់ស្ដែងប្រទេសទាំង២ កំពុងជាប់ផុងនៅក្នុង «បញ្ហាសន្តិសុខ» និងមានទស្សនយល់ឃើញផ្ទុយគ្នាពីសណ្ដាប់ធ្នាប់អន្តរជាតិ។ នៅក្រោមទស្សនយល់ ឃើញផ្ទុយគ្នា ជប៉ុនកំពុងចូលរួមជាមួយលោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីការពារសណ្ដាប់ធ្នាប់អន្តរជាតិសព្វថ្ងៃដែលបានចូលរួមចំណែកនៅក្នុងសន្តិភាព និងភាពរុងរឿងរបស់ជប៉ុន។ ចំណែកឯ ចិនវិញត្រូវបានសហរដ្ឋអាមេរិក រួមទាំងតូក្យូបានចោទប្រកាន់ចិនថាកំពុងព្យាយាមកែប្រែសណ្ដាប់ធ្នាប់នេះ ហើយជប៉ុនតែងតែព្រមានចិន ជារឿយៗប្រឆាំងនឹងការប៉ុនប៉ងប្រើកម្លាំងបាយ កែប្រែស្ថានភាពដើម តួយ៉ាងនៅក្នុងសំណុំរឿងតៃវ៉ាន់។ ទស្សនយល់ឃើញផ្ទុយគ្នាចំពោះសណ្ដាប់ធ្នាប់អន្តរជាតិរវាងចិន និងជប៉ុននេះឯង គឺជាកត្តាចម្បងអាចបង្កអស្ថិរភាពក្នុងតំបន់។

* មើលគ្នាទៅវិញទៅមកថាជាការគំរាមកំហែង
ចិន និងជប៉ុន ក៏មានការទស្សនយល់ឃើញផ្ទុយគ្នាដែរចំពោះ «ការគំរាមកំហែងលើសន្តិសុខជាតិ» របស់ខ្លួន។ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ វិទ្យាស្ថាន Genron NPO និងក្រុមហ៊ុន China International Publishing Group បានចេញផ្សាយការស្ទង់មតិមួយដោយបង្ហាញថាប្រទេសទាំង២ មានការយល់ឃើញផ្ទុយគ្នាលើ «ការគំរាមកំហែង»។

បើតាមការស្ទង់មតិ ប្រជាជនជប៉ុនដែលត្រូវបានសាកសួរ មាន៧៩.៨ភាគរយ បានឆ្លើយថាពួកគេមានអារម្មណ៍ដឹងថាប្រទេសណាបង្កការគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ ខណៈប្រជាជនចិនដែល ត្រូវបានសាកសួរ មាន៤៧.១ភាគរយ មានអារម្មណ៍ដឹងដូចគ្នានេះ។ លើសពីនេះទៅទៀត ប្រជាជនជប៉ុនទាំងនេះក៏បានចាត់ថ្នាក់ «ចិន» ជាប្រទេសទីមួយដែលបង្កការគំរាមកំហែងដល់ពួកគេផងដែរ បន្ទាប់ពីកូរ៉េខាងជើងឈរនៅចំណាត់ថ្នាក់ទី២ និងរុស្ស៉ីនៅចំណាត់ថ្នាក់ទី៣។ ផ្ទុយទៅវិញ ប្រជាជនចិននៅក្នុងការស្ទង់មតិនេះបានចាត់ថ្នាក់សហរដ្ឋអាមេរិក ជាប្រទេសទីមួយដែលបង្កការគំរាមកំហែង រីឯជប៉ុនជាប់នៅចំណាត់ថ្នាក់ទី២។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើមានហេតុផលអ្វីដែលពួកគេយល់ថាចិន គឺជាការគំរាមកំហែង ប្រជាជនជប៉ុននៅក្នុងការស្ទង់មតិខាងលើដដែល បាននិយាយថាគឺដោយសារតែសកម្មភាពរបស់ចិននៅក្នុងតំបន់សមុទ្រចិនខាងកើត។ ចំណែកឯខាងចិនវិញ បានផ្ដល់ហេតុផលដោយសារតែការចូលរួមរបស់ជប៉ុន នៅក្នុងយុទ្ធនាការយោធាហ៊ុមព័ទ្ធចិន ជាមួយសហរដ្ឋអាមេរិក ហើយដែលការរកឃើញទាំងនេះបង្ហាញថាចិន និងជប៉ុនមើលគ្នាទៅវិញទៅមកថាជាការគំរាមកំហែង។ ដូច្នេះទំនាក់ទំនងរវាងចិន និងជប៉ុន មានតែការប្រកួតប្រជែងគ្នា រឹតតែខ្លាំងឡើង។

* ទំនាក់ទំនងសេដ្ឋកិច្ចលែងស្អិតល្មួតដូចមុន
ជាទូទៅ នៅពេលនិយាយពីទំនាក់ទំនងរវាងចិន និងជប៉ុន គេតែងតែលើកឡើងមុនគេពីការទាញយកប្រយោជន៍រួមពីសេដ្ឋកិច្ច។ ប្រទេសទាំង២ បានរក្សាទំនាក់ទំនងសេដ្ឋកិច្ចជិតស្និទ្ធ និងរវាងប្រជាជន និងប្រជាជន ដែលជាមធ្យោបាយថែរក្សាសន្តិភាព ក៏ដូចជាភាពរុងរឿងរីកចម្រើននៃប្រទេសទាំង២ តំបន់អាស៊ី និងសហគមន៍អន្តរជាតិ។ មិនតែប៉ុណ្ណោះ ប្រយោជន៍សេដ្ឋកិច្ចរួមនេះហើយ តែងតែជួយឱ្យ ចិន និងជប៉ុន អាចស្ដារឡើងវិញបាននូវស្ថិរភាព និងការរក្សាទំនាក់ទំនងល្អ នៅពេលដែលទំនាក់ទំនងទ្វេភាគីធ្លាក់ចុះដុនដាប។ ក៏ប៉ុន្តែ ក្នុងរយៈពេលប៉ុន្មានទសវ្សរ៍ចុងក្រោយនេះ ទំនាក់ទំនងសេដ្ឋកិច្ចរវាង ចិន និងជប៉ុន បែរជាលែងស្អិតល្មួតដូចមុន ហើយនេះគឺដោយសារតែការរីកចម្រើន និងការកើនឡើងចំនួនក្រុមហ៊ុនចិនដែលធ្វើឱ្យប្រទេសទាំង២ ត្រូវប្រកួតប្រជែងគ្នាកាន់តែខ្លាំង។ កាន់តែពិសេសទៅទៀត សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ក៏បានធ្វើឱ្យជប៉ុនភ្ញាក់ដឹងខ្លួនដែរថាសកលភាវូបនីយកម្ម និងការពឹងផ្អែកសេដ្ឋកិច្ចគ្នាទៅវិញទៅមក លែងជាមធ្យោបាយមានប្រសិទ្ធិភាពតែមួយគត់ដើម្បីការពារសន្តិភាព និងភាពរីកចម្រើនបានតទៅទៀតឡើយ។

គោលគំនិតនៃទំនាក់ទំនងរវាងចិន និងជប៉ុន កាលពីជាង៥០ឆ្នាំមុន ដែលត្រូវបានបង្ហាញនៅក្នុងគំនិតរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Masayoshi Ohira។ នៅក្នុងសុន្ទរកថាស្ដីពីទំនាក់ទំនងចិន និងជប៉ុន សម្រាបស.វថ្មី នាឱកាសបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ១៩៧៩ លោក Ohira ប្រកាសថាជំនួយសេដ្ឋកិច្ចគួរតែត្រូវបានផ្ដល់ទៅឱ្យចិន ពីព្រោះវាជា កិច្ចសហប្រតិបត្តិការអន្តរជាតិដែលជាបេះដូងនៃ គោលនយោបាយធ្វើទំនើបកម្ម...ហើយវាជា «ផលប្រយោជន៍រួម» សម្រាប់ការស្វាគមន៍ចិនឱ្យចូលរួមក្នុងសណ្ដាប់ធ្នាប់អន្តរជាតិដែលមានស្រាប់។ ផលប្រយោជន៍រួមនេះឯងបានគាំទ្រដល់ទំនាក់ទំនងរវាងចិន និងជប៉ុន អស់រយៈពេលជាង៥០ឆ្នាំកន្លងមកនេះ។ តែអ្វីដែលសំខាន់ នោះគឺថាតើអ្វីទៅជាផលប្រយោជន៍រួមដែលនៅមានសេសសល់ នៅក្នុងទំនាក់ទំនង នាពេលសព្វថ្ងៃរវាងចិន និងជប៉ុន ហើយការស្វែរកប្រយោជន៍រួម នឹងក្លាយជាបញ្ហាប្រឈមសម្រាប់ចិន និងជប៉ុន នៅក្នុងរយៈពេល៥០ឆ្នាំទៅមុខ៕