(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នៅថ្ងៃពុធនេះបានអំពាវនាវឱ្យមានការបន្តកិច្ចព្រមព្រៀងជាមួយទីក្រុងមូស្គូ ដែលអនុញ្ញាតឱ្យក្រុងកៀវនាំចេញគ្រាប់ធញ្ញជាតិតាមរយៈកំពង់ផែសមុទ្រខ្មៅ ក្នុងអំឡុងពេលការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែមីនា​ ឆ្នាំ២០២៣។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Guterres ក្នុងទីក្រុងកៀវថា គំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ ពិតជាមានសារៈសំខាន់សម្រាប់ពិភពលោក។ ចំណែកឯអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិសុខស្បៀង និងតម្លៃម្ហូបអាហារពិភពលោកផងដែរ។

កិច្ចព្រមព្រៀងរយៈពេល ១២០ថ្ងៃដែលត្រូវបានសម្របសម្រួលដំបូង ដោយអង្គការសហប្រជាជាតិ និងតួកគីកាលពីខែកក្កដា និងបានបន្តកាលពីខែវិច្ឆិកា នឹងត្រូវបានបន្តឡើងវិញទៀតនៅថ្ងៃទី១៨ ខែមីនា ប្រសិនបើគ្មានភាគីណាមួយជំទាស់។

ប្រទេសរុស្ស៊ីដែលបានបើកច្រកសមុទ្រខ្មៅអ៊ុយក្រែនចំនួនបីនៅក្រោមកិច្ចព្រមព្រៀងនោះ បានលើកឡើងថា ឧបសគ្គចំពោះការនាំចេញកសិផលរបស់ខ្លួនក៏ត្រូវតែដកចេញដែរ មុនពេលដែលខ្លួននឹងអនុញ្ញាតឱ្យបន្តកិច្ចព្រមព្រៀងទៀត។

ដើម្បីជួយបញ្ចុះបញ្ចូលរុស្ស៊ី ឱ្យអនុញ្ញាតឱ្យអ៊ុយក្រែនបន្តការនាំចេញគ្រាប់ធញ្ញជាតិពីសមុទ្រខ្មៅ កិច្ចព្រមព្រៀងរយៈពេលបីឆ្នាំមួយត្រូវបានអនុម័តកាលពីឆ្នាំមុន ដែលអង្គការសហប្រជាជាតិបានយល់ព្រមដើម្បីជួយសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី។

ទោះបីការនាំចេញអាហារ និងជីរបស់រុស្ស៊ីត្រូវបានលើកលែងពីទណ្ឌកម្ម ប៉ុន្តែទីក្រុងម៉ូស្គូនិយាយថា ការរឹតបន្តឹងលើការទូទាត់ ឧស្សាហកម្មដឹកជញ្ជូន និងធានារ៉ាប់រងគឺជា "ឧបសគ្គ" ចំពោះពាណិជ្ជកម្មនាំចេញេរបស់ខ្លួន៕