(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃពុធ ទី៨ ខែមីនានេះបានវាយបកទៅលើអ្នករិះគន់របស់ខ្លួន រួមទាំងអង្គការសហប្រជាជាតិ និងពិធីករបាល់ទាត់ដ៏ល្បីម្នាក់ លោក Gary Lineker ដែលបានប្រៀបធៀបផែនការថ្មីរបស់ខ្លួន ស្តីពីច្បាប់អន្តោប្រវេសន៍ខុសច្បាប់ទៅនឹងច្បាប់របស់ណាស៊ីអាល្លឺម៉ង់នៅទសវត្សរ៍ទី៣០។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។

កាល​ពី​ថ្ងៃ​អង្គារ រដ្ឋាភិបាល​បាន​គូសបញ្ជាក់​ពី​ផែនការ​របស់​ខ្លួន ​ក្នុង​ការ​ហាម​ប្រាម​ជនភៀសខ្លួន​​ខុស​ច្បាប់ ​ពី​ការ​ទាមទារ​សិទ្ធិ​ជ្រកកោន​នៅ​ចក្រភព​អង់គ្លេស និងផ្ទេរពួកគេទៅកន្លែងផ្សេងទៀតដូចជាប្រទេស Rwanda។

ក្រុមសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិបាននិយាយថា ច្បាប់នេះនឹងដាក់ប្រទេសអង់គ្លេសខ្លួនឯងនៅខាងក្រៅច្បាប់អន្តរជាតិ ក្រោមកិច្ចព្រមព្រៀងអឺរ៉ុប និងអង្គការសហប្រជាជាតិស្តីពីសិទ្ធិជ្រកកោន។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Türk បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីច្បាប់នេះ»។

លោកបានបន្ថែមថា​ «មនុស្សទាំងអស់ដែលត្រូវបានបង្ខំឱ្យចាកចេញពីប្រទេសដើមរបស់ពួកគេ ដើម្បីស្វែងរកសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៅបរទេស មានសិទ្ធិទទួលបានការគោរពយ៉ាងពេញលេញ ដោយមិនគិតពីស្ថានភាពអន្តោប្រវេសន៍ ឬរបៀបនៃការមកដល់របស់ពួកគេឡើយ»។

ទោះជាយ៉ាងណា នៅពេលដែលច្បាប់នេះត្រូវបានណែនាំនៅក្នុងសភា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Suella Braverman បានភ្ជាប់ជាមួយនឹងលិខិតមួយដោយទទួលស្គាល់ថា លោកស្រីមិនអាចបញ្ជាក់បានថា តើផែនការនេះគោរពច្បាប់សិទ្ធិមនុស្សរបស់អឺរ៉ុបដែរឬទេ។

ប៉ុន្តែនៅក្នុងកិច្ចសម្ភាសន៍តាមវិទ្យុមួយ រដ្ឋមន្ត្រីមហាផ្ទៃរូបនេះបានទទូចថា រដ្ឋាភិបាលមានអំណាចក្នុងការរារាំងការធ្វើចំណាកស្រុកតាមសមុទ្រ ដែលលោកស្រីបាននិយាយថា អាចមានចំនួនសរុប ៨០,០០០នាក់នៅឆ្នាំនេះ៕