(អ៊ីស្លាម៉ាបាដ)៖ អង្គការសហប្រជាជាតិបានរាយលការណ៍នៅថ្ងៃពុធនេះថា ចាប់តាំងពីក្រុមតាលីបង់ចូលកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានមក ប្រទេសនេះបានក្លាយជាប្រទេសដែលមានការគាបសង្កត់ធ្ងន់ធ្ងរបំផុតលើសិទ្ធិស្ត្រី និងក្មេងស្រីនៅលើពិភពលោក ខណៈដែលពួកគេត្រូវបានបដិសេធនូវសិទ្ធិជាមូលដ្ឋានរបស់ពួកគេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០២៣។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទិវានារីអន្តរជាតិ បេសកកម្មរបស់អង្គការសហប្រជាជាតិបាននិយាយថា មេដឹកនាំថ្មីរបស់ប្រទេសអាហ្វហ្គានីស្ថានបានបង្ហាញពី «ការផ្តោតសំខាន់ស្ទើរតែឯកតោភាគី លើការអនុវត្តច្បាប់ដែលធ្វើឱ្យស្ត្រី និងក្មេងស្រីភាគច្រើនជាប់នៅក្នុងផ្ទះរបស់ពួកគេ»

លោកស្រី Roza Otunbayeva តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងជាប្រធានគណៈប្រតិភូអាហ្វហ្គានីស្ថានបាននិយាយថា «អាហ្វហ្គានីស្ថានស្ថិតនៅក្រោមក្រុមតាលីបង់ នៅតែជាប្រទេសដែលគាបសង្កត់ធ្ងន់ធ្ងរបំផុតលើសិទ្ធិស្ត្រីនៅទូទាំងពិភពលោក»

លោកស្រីបានបន្ថែមថា «​វា​ជា​រឿង​គួរ​ឲ្យ​ព្រួយ​បារម្ភ​ក្នុង​ការ​ឃើញ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជា​វិធីសាស្ត្រ ចេតនា និង​ជា​ប្រព័ន្ធ​ដើម្បី​រុញ​ស្ត្រី និង​កុមារី​អាហ្វហ្គានីស្ថាន​ចេញ​ពី​វិស័យ​សាធារណៈ»

ការរឹតបន្តឹង ជាពិសេសការហាមប្រាមលើការអប់រំនៅកម្រិតឧត្តមសិក្សា ក៏ដូចជាហាមមិនឱ្យធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលជាដើម បានទាក់ទាញការថ្កោលទោសយ៉ាងខ្លាំងពីសហគមអន្តរជាតិ។ ប៉ុន្តែទោះជាយ៉ាងណាក្រុមតាលីបង់ មិនបានបង្ហាញពីសញ្ញានៃការថយក្រោយឡើយ ដោយអះអាងថា បម្រាមនេះត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែស្ត្រីមិនបានប្រកាន់ខ្ជាប់ឱ្យបានត្រឹមត្រូវខ្ជាប់នូវច្បាប់បែងចែកភេទ។

ចំពោះ​ការ​ហាមប្រាម​លើ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ រដ្ឋាភិបាល​តាលីបង់​អះអាងថា មុខវិជ្ជា​មួយ​ចំនួន​ដែលត្រូវបាន​បង្រៀន​ មិន​ស្រប​នឹង​តម្លៃ​អាហ្វហ្គានីស្ថាន និង​អប់រំអ៊ីស្លាមឡើយ៕