(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃពុធនេះបានសម្តែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះផែនការនៃដំណើរទស្សកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) ហើយបានស្នើសុំឲ្យទីក្រុងវ៉ាស៊ីនតោន បំភ្លឺចំពេលមានរបាយការណ៍ថា លោកស្រីគ្រោងជួបប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខេធី (Kevin McCarthy) នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក Kevin McCarthy បានទទួលស្គាល់ជាផ្លូវការពីផែនការនៃជំនួបជាមួយ លោកស្រី សៃ ហើយមិនបានច្រានចោលលទ្ធភាព បំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅពេលក្រោយនោះទេ។ ថ្លែងនៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានគូសបញ្ជាក់ថា «ចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះព័ត៌មាននេះ។ យើងបានដាក់កំណត់ទូតមួយទៅកាន់ភាគីអាមេរិក ហើយបានសុំឲ្យពួកគេបញ្ជាក់អំពីព័ត៌មាននេះ»

លោកស្រី ម៉ៅ បានបន្ថែមថា «ការគំរាមកំហែងពិតប្រាកដចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាកងកម្លាំងបំបែកខ្លួននៃក្រុមគាំទ្រឯករាជ្យភាពតៃវ៉ាន់។ ចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់ទម្រង់នៃការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការវាងសហរដ្ឋអាមេរិក និងតៃវ៉ាន់ ហើយគ្រប់គ្នាមិនគួរមើលស្រាលការប្តេជ្ញាចិត្តដ៏រឹងមាំរបស់រដ្ឋាភិបាល និងប្រជាជនចិនដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីនោះទេ។

គួរបញ្ជាក់ថា ការបំពេញទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទៅកាន់កោះតៃវ៉ាន់ បានបង្កភាពតានតឹងជាមួយចិន ដែលកន្លងមកបានចាត់វិធានការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៉ី នៅតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕