(អូតាវ៉ា)៖ ប្រទេសកាណាដា នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងបញ្ជូនក្រុមអ្នកបច្ចេកទេសនិងជំនួយការផ្នែកវេជ្ជសាស្រ្ត ពីកងកម្លាំងប្រដាប់អាវុធកាណាដាទៅកាន់ប្រទេសប៉ូឡូញ ដើម្បីជួយបណ្តុះបណ្តាលដល់សមាជិកយោធាអ៊ុយក្រែន ដែលជាការជ្រោមជ្រែងថ្មីចុងក្រោយ​របស់ទីក្រុងអូតាវ៉ា ដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) និងរដ្ឋមន្ត្រីការពារជាតិ លោកស្រី អានីតា អាណាន់ (Anita Anand) បានគូសបញ្ជាក់ថា «កាណាដាបានដាក់ពង្រាយអ្នកបច្ចេកទេសវេជ្ជសាស្រ្ត របស់កងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ចំនួន ៧រូប និងជំនួយការផ្នែកវេជ្ជសាស្រ្ត ពីអង្គភាពសុខាភិបាលនៃកងកម្លាំងយោធាកាណាដា ទៅកាន់ប្រទេសប៉ូឡូញ ជាកន្លែងដែលពួកគេនឹងបណ្តុះបណ្តាល សមាជិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នូវជំនាញដែលត្រូវការដើម្បីជួយសង្គ្រោះជីវិតប្រកបដោយប្រសិទ្ធភាពក្នុងពេលប្រយុទ្ធគ្នា»

បើតាមរដ្ឋាភិបាលកាណាដា គ្រូបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ដកាណាដា នឹងចូលរួមក្នុងវគ្គបណ្តុះបណ្តាលដែលដឹកនាំដោយប៉ូឡូញ ដោយផ្តោតលើជំនាញវេជ្ជសាស្រ្ដយុទ្ធសាស្ត្រកម្រិតខ្ពស់ លើការរស់រានមានជីវិតពីសមរភូមិ រីឯជំនួយការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត នឹងចាប់ផ្តើមនៅក្នុងខែមីនា។

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង នៅខែកុម្ភៈ ឆ្នាំ២០២២ កាណាដាបានសន្យាផ្តល់ជំនួយយោធាជាង ៧២៦.៩០ពាន់លានដុល្លារ ដល់អ៊ុយក្រែន។ សមាជិកកងកម្លាំងប្រដាប់អាវុធកាណាដា កំពុងគាំទ្រដល់សមាជិកយោធាអ៊ុយក្រែននៅក្នុងចក្រភពអង់គ្លេស និងប៉ូឡូញ ដែលជាផ្នែកមួយនៃប្រតិបត្តិការផ្តល់ការបណ្តុះបណ្តាលយោធាដ៏ទូលំទូលាយ។ កាណាដាក៏បាននឹងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងបណ្តុះបណ្តាល កងកម្លាំងបាញ់ស៉ីបរបស់អ៊ុយក្រែន នៅក្នុងប្រទេសប៉ូឡូញដែលប្រតិបត្តិការនេះធ្វើឡើងរហូតដល់ខែតុលា៕