(សេអ៊ូល)៖ សេតវិមានអាមេរិកនិងការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល នៅថ្ងៃទី២៦ ខែមេសា ខាងមុខ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមានលោកស្រី ការីន ហ្សង់-ព្យែរ (Karine Jean-Pierre) បាននិយាយថា ការបំពេញទស្សនកិច្ចរបស់លោក យូន នឹងអបអរឱកាសខួប៧០ឆ្នាំ នៃសម្ព័ន្ធភាពអាមេរិក-កូរ៉េខាងត្បូង ហើយគូសរំលេចអំពីការប្តេជ្ញាឥតងាករេរបស់ទីក្រុងវ៉ាស៉ីនតោនចំពោះកូរ៉េខាងត្បូង។ លោកស្រី ហ្សង់-ព្យែរ បានបន្ថែមថា មេដឹកនាំទាំងពីរនឹងពិភាក្សាគ្នាអំពី វិធីសាស្រ្តដើម្បីធ្វើឱ្យទំនាក់ទំនងផ្នែកនយោបាយ សេដ្ឋកិច្ច និងសន្តិសុខកាន់តែស៉ីជម្រៅ។ វានឹងជាទស្សនកិច្ចផ្លូវរដ្ឋទី២ សម្រាប់រដ្ឋបាលលោក បៃដិន បន្ទាប់ពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដោយប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីខែធ្នូ ឆ្នាំ២០២២។

ចំណែកអ្នកនាំពាក្យការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងវិញ បាននិយាយថា វានឹងជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី១ ទៅកាន់សហរដ្ឋអាមេរិកដោយ​ប្រធានាធិបតីកូរ៉េខាងត្បូង គិតចាប់តាំងពីឆ្នាំ២០១១មក ហើយជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ឱ្យសម្ព័ន្ធភាពរវាងប្រទេសទាំងពីរវិវត្តទៅមុខកាន់តែសកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ស្ថានការណ៍អន្តរជាតិ ដែលកំពុងជួបការប្រែប្រួលយ៉ាងឆាប់រហ័ស ហើយនិងភាពមិនប្រាកដប្រជាផ្សេងៗនាពេលអនាគត។

គួរបញ្ជាក់ថា សេចក្តីប្រកាសអំពីគម្រោងទស្សនកិច្ចខាងលើធ្វើឡើង បន្ទាប់ពីកូរ៉េខាងត្បូងទើបតែបានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ក្រុមហ៊ុនរបស់ខ្លួននឹង​ផ្តល់សំណងដល់ជនរងគ្រោះកូរ៉េខាងត្បូង ដែលត្រូវចាប់បង្ខំឱ្យប្រើកម្លាំងពលកម្មដោយជប៉ុន កាលពីសម័យអាណានិគមចន្លោះឆ្នាំ១៩១០-១៩៥៤ ដើម្បី​ព្យាយាមបញ្ចប់ បញ្ហាវិវាទដ៏អូសបន្លាយ ដែលបានបង្កការប៉ះពាល់ចំពោះកិច្ចប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ក្នុងការបង្ហាញនូវភាពរួមសាមគ្គីគ្នា ក្នុងចំណោមសម្ព័ន្ធមិត្តត្រីភាគីវ៉ាស៉ីនតោន-សេអ៊ូល-តូក្យូ ប្រឆាំងនឹងចិនក៏ដូចជាកូរ៉េខាងជើង៕