(វ៉ាស៉ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសថា ខ្លួននឹងសម្រេចបាននូវគោលដៅចេញបេសកកម្ម បញ្ជូនមនុស្សធ្វើដំណើរក្រឡឹងជុំវិញឋានព្រះចន្ទ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីទទួលជោគជ័យក្នុងការធ្វើតេស្តហោះហើរយានអវកាស។ នេះបើ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

ក្រុមមន្រ្តីណាសាបានប្រកាសពីដំណឹងខាងលើ កំលុងការធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីអំពីកម្មវិធី អាទីមីស (Artemis) របស់ខ្លួន ដែលមានគោលដៅនាំយកក្រុម​អវកាសយានិក ត្រឡប់ទៅជាន់លើផ្ទៃព្រះចន្ទសាជាថ្មី គិតចាប់តាំងពីបេសកកម្មចុងក្រោយបង្អស់ នៃកម្មវិធី អាប៉ូឡូ (Apollo) របស់ណាសា បានបញ្ចប់​ទៅកាលពីឆ្នាំ១៩៧២។

បេសកកម្ម អាទីមីស លើកដំបូងគឺ Artemis 1 បានបញ្ចប់ទៅកាលពីខែធ្នូ ឆ្នាំ២០២២ នៅពេលយានអវកាស អូរីអន (Orion) ដែលមិនមានមនុស្សជិះ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេលជាង២៥ថ្ងៃ ធ្វើដំណើរជុំវិញព្រះចន្ទ។ បើតាមណាសា បេសកកម្ម Artemis 2 ត្រូវបានកំណត់ថានឹងប្រព្រឹត្តទៅ នៅកំលុងចុងខែវិច្ឆិកា ឆ្នាំក្រោយ ដើម្បីនាំយកអវកាសយានិកសរុបចំនួន៤នាក់ ធ្វើដំណើរជុំវិញព្រះចន្ទ ក៏ប៉ុន្តែមិនមាន​ការចុះចតនៅលើផ្ទៃព្រះចន្ទទេ។

គួរបញ្ជាក់ថា ចំណែកបេសកកម្ម Artemis 3 គឺនឹងធ្វើឡើងនៅរយៈពេលប្រហែល១២ខែ ក្រោយបេសកកម្ម Artemis 2 ហើយកំលុងបេសកកម្មទី៣នោះ គេនឹងមើលឃើញក្រុមអវកាសយានិក ឈានជើងជាន់ជាលើកដំបូងលើដីនៅតំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ មកទល់ពេលនេះ ធ្លាប់មានមនុស្សតែ ១២នាក់ប៉ុណ្ណោះ ដែលធ្លាប់ទៅដល់លើផ្ទៃព្រះចន្ទ តាមរយៈបេសកកម្ម អាប៉ូឡូ របស់ណាសា កាលពីចន្លោះឆ្នាំ១៩៦៩-១៩៧២៕