(យូអិន)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ នៅក្រៅកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ (UN) ប្រធានាធិបតីស្វីសលោក អាឡាន បឺសេត (Alain Berset) បាននិយាយថា ប្រទេសរបស់លោកនៅតែប្រកាន់ជំហរប្រឆាំងការនាំចេញសព្វាវុធទៅកាន់ អ៊ុយក្រែនដែលកំពុងបន្តស្ថិតក្នុងសង្រ្គាមជាមួយរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

ស្វីសហាមឃាត់រាល់ការនាំចេញសព្វាវុធដែលផលិតដោយប្រទេសខ្លួន ទៅកាន់ប្រទេសទាំងឡាយដែលមានសង្រ្គាម ប៉ុន្តែបញ្ហាគោលការណ៍អព្យាក្រឹតភាព ដែលប្រទេសអឺរ៉ុបមួយនេះបានប្រកាន់ខ្ជាប់យូរមកហើយ គឺបានស្ថិតក្រោមការជជែកដេញដោលមតិ ចាប់តាំងតែពីរុស្ស៉ីបានបើកការឈ្លានពានលើអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុនមក។

លោក បឺសេត បាននិយាយដូច្នេះថា «ការពិភាក្សាអំពីការនាំចេញអាវុធ ខណៈដែលយើងមានក្របខណ្ឌច្បាប់របស់យើងផ្ទាល់ នៅក្នុងប្រទេសស្វីស គឺវាជារឿងមិនអាចទៅរួចក្នុងការធ្វើបែបនោះឡើយ។ សម្រាប់រដ្ឋាភិបាលនិងសម្រាប់ក្រុមប្រឹក្សាសហព័ន្ធរបស់ស្វីស គឺយើងចាំបាច់ត្រូវរក្សានិងចង់នៅបន្តរក្សាក្របខណ្ឌច្បាប់នេះ ក៏ដូចជាធ្វើការនៅក្រោមក្របខណ្ឌច្បាប់នេះ»

ការអត្ថាធិប្បាយរបស់លោក បឺសេត កើតមានឡើង បន្ទាប់ពីទីក្រុងបែរឡាំងបានដាក់សំណើកាលពីចុងខែកុម្ភៈ ឱ្យស្វីសយល់ព្រមលក់រថក្រោះ Leopard 2 ចាស់ៗដែលខ្លួនលែងមានផែនការប្រើប្រាស់តទៅទៀត មកឱ្យក្រុមហ៊ុនផលិតអាវុធរបស់អាល្លឺម៉ង់ រែនមេតាល់ (Rheinmetall) ជាមួយការធានាអះអាងថា ពួកវានឹងមិនត្រូវបញ្ជូនទៅកាន់អ៊ុយក្រែនឡើយ។

ស្របពេលស្វីសដែលមិនមែនជាសមាជិកសហភាពអឹរ៉ុប (EU) ឡើយនោះ បានដើរតាមការដឹកនាំរបស់ EU ពាក់ព័ន្ធការដាក់ទណ្ឌកម្មលើរុស្ស៉ីក្តី ទីក្រុងប៊ែនមកទល់ពេលនេះ បានបង្ហាញភាពបត់បែនតិចតួចបំផុត ជុំវិញគោលជំហរអព្យាក្រឹត្យផ្នែកយោធារបស់ខ្លួន។ បើតាមលោក បឺសេត ទណ្ឌកម្មទាំងនេះគឺសមស្របទាំងស្រុងជាមួយ​គោលការណ៍អព្យាក្រឹតភាពរបស់ប្រទេសស្វីស។

គួរបញ្ជាក់ថា ទោះបីជាទទួលរងសម្ពាធពីទីក្រុងកៀវនិងសម្ព័ន្ធមិត្តក៏ដោយ ប្រទេសស្វីសនៅតែបន្តមិនយល់ព្រមឱ្យបណ្តាប្រទេស ដែលមានសព្វាវុធផលិត​ដោយ​ស្វីស ធ្វើការនាំចេញពួកវាបន្តទៅកាន់អ៊ុយក្រែននោះឡើយ ហើយក៏បានបដិសេធចំពោះការស្នើសុំដោយផ្ទាល់ ពីសំណាក់អាល្លឺម៉ង់ អេស៉្បាញ និង​ដាណឺម៉ាកផងដែរ៕