(ដាក្កា)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ អង្គការសហប្រជាជាតិ (UN) បានអំពាវនាវរកថវិកាចំនួន៨៧៦លានដុល្លារ ដើម្បីយកទៅជួយដល់ជនមូស្លីមរ៉ូហ៉ីងយ៉ា នៅជំរំភៀសខ្លួនធំបំផុតរបស់ពិភពលោក ដែលស្ថិតក្នុងប្រទេសបង់ក្លាដែស ស្របពេលដែលវិបត្តិរ៉ូហ៉ីងយ៉ាឈានចូលដល់ឆ្នាំទី៦។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

ការអំពាវនាវខាងលើកើតឡើង ចំគ្រាដែលអង្គការស្បៀងអាហារពិភពលោក WFP ទើបតែបានសម្រេចប្រកាសកាត់បន្ថយ ជំនួយស្បៀងអាហារសម្រាប់​ជនភៀសខ្លួនរ៉ូហ៉ីងយ៉ា ចាប់ពីខែមីនានេះតទៅ ដោយសារបញ្ហាខ្វះខាតមូលនិធិគាំទ្រ។ អង្គការទទួលបន្ទុកបញ្ហាជនភៀសខ្លួន UNHCR របស់អង្គការសហប្រជាជាតិ បាននិយាយថា UN កំពុងស្វែងរកថវិកាសម្រាប់មនុស្សសរុប១.៤៧លាននាក់ ក្នុងការផ្តល់ស្បៀងអាហារ ទីជម្រក ការថែទាំសុខភាព​ ទឹកស្អាតសម្រាប់បរិភោគ សេវាគាំពារ ការអប់រំ ក៏ដូចជាឱកាសបង្កើនជីវភាពរស់និងការអភិវឌ្ឍជំនាញ។ UNHCR បានឱ្យដឹងកាលពីខែសីហា ឆ្នាំមុនថា ខ្លួនទទួលបានថវិកាចំនួន៤២៦លានដុល្លារ នៅក្នុងឆ្នាំ២០២២ ពោលគឺមិនដល់ពាក់កណ្តាលនោះឡើយ នៃថវិកា៨៨១លានដុល្លារ ដែល UN ប្រកាសស្វែងរក។

គួរបញ្ជាក់ថា បច្ចុប្បន្នជនជាតិរ៉ូហ៉ីងយ៉ាលើស ១លាននាក់ កំពុងរស់នៅក្នុងជំរំជនភៀសខ្លួន នៅភាគខាងត្បូងប្រទេសបង់ក្លាសែស ហើយលទ្ធភាពគឺតិចតួច​ស្តួចស្តើងបំផុតសម្រាប់ឱ្យពួកគេ អាចត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ ជាទីដែលជនរ៉ូហ៉ីងយ៉ាភាគច្រើន បានរត់ភៀសខ្លួនចេញមកកាលពីឆ្នាំ២០១៧ ដោយសារតែប្រតិបត្តិការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ា៕