(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នៅថ្ងៃពុធនេះ បាននិយាយថា រូបលោកនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីបើកកិច្ចប្រជុំទ្វេភាគីជាមួយ លោក ចូ បៃដិន ក្រោយដំណើរទស្សនកិច្ចរបស់លោក នៅប្រទេសឥណ្ឌាក្នុងសប្តាហ៍នេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

លោក អាល់បានីស បានប្រាប់ក្រុមអ្នកសារព័ត៌មានដូចខាងលើ មុនពេលលោកចាកចេញពីប្រទេសអូស្រ្តាលី ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពី កាលបរិច្ឆេទជាក់លាក់ នៃផែនការបំពេញទស្សនកិច្ចទៅកាន់អាមេរិកនោះឡើយ។ យ៉ាងណាក្តី បើតាមសេចក្តីរាយការណ៍ កាលពីថ្ងៃអង្គាររបស់សារព័ត៌មាន Sydney Morning Herald លោក អាល់បានីស ត្រូវបានរំពឹងថានឹងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសាងសង់ក្រុមនាវាមុជទឹកដើរដោយ​ថាមពលនុយក្លេអ៊ែរ កំលុងទស្សនកិច្ចរបស់លោកនៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍ក្រោយ។

កាសែត Sydney Morning Herald ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលស្ថិតក្រោម​ក្របខណ្ឌ នៃសម្ព័ន្ធភាពសន្តិសុខត្រីភាគី AUKUS នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ក្នុងទីក្រុងសាន់ឌីអេហ្គោ (San Diego) ជាមួយវត្តមានរបស់​លោក បៃដិន ហើយនិងនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក រីស៉ី ស៊ូណាក់ (Rishi Sunak)។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក អាល់បានីស ទៅកាន់ឥណ្ឌាក្នុងសប្តាហ៍នេះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់របស់នាយករដ្ឋមន្រ្តីអូស្រ្តាលី នៅប្រទេសអាស៉ីខាងត្បូងមួយនេះ គិតចាប់តាំងពីឆ្នាំ២០១៧មក។ លោក អាល់បានីស នឹងស្ថិតនៅទីនោះរហូតដល់ថ្ងៃសៅរ៍ ហើយលោកនឹងបើកកិច្ចប្រជុំ​កំពូលប្រចាំឆ្នាំរវាងអូស្រ្តាលី-ឥណ្ឌា ជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅទីក្រុងញូដេលី៕