(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា កងទ័ពរុស្ស៊ីនឹងមាន «ផ្លូវបើកចំហ» ឆ្ពោះចូលទៅកាន់ភាគខាងកើតអ៊ុយក្រែន ប្រសិនបើដណ្តើមបានទីក្រុងបាកមូត (Bakhmut) ដែលត្រូវបានឡោមព័ទ្ធនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលបានចេញផ្សាយនៅថ្ងៃពុធនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «យើងយល់ថា បន្ទាប់ពីបាកមូត កងកម្លាំងរុស្ស៉ីអាចបន្តរុលទៅមុខទៀត។ ពួកគេអាចចូលទៅដល់ទីក្រុងក្រាម៉ាតូស្ត៍ (Kramatorsk) ឬស្លូវីយ៉ាន់ស្ក៍ (Sloviansk) ក្នុងទិសដៅនៃតំបន់ដូណេត (Donetsk)»

លោក ហ្សេលេនស្គី បានបន្ថែមថា «កាលពីម្សិលមិញ ខ្ញុំបានជួបជាមួយអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ និងមេបញ្ជាការយោធា ដោយពួកគេទាំងអស់គ្នាបានប្តេជ្ញារឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទីក្រុងនេះ។ ពិតណាស់ថា យើងត្រូវគិតគូអំពីជីវិតរបស់យោធារបស់យើង។ ប៉ុន្តែយើងត្រូវតែធ្វើអ្វីដែលយើងអាចធ្វើបាន ខណៈយើងកំពុងតែទទួលបានសព្វាវុធ ការផ្គត់ផ្គង់ ហើយកងទ័ពរបស់យើងកំពុងត្រៀមខ្លួនសម្រាប់ការវាយលុក»

គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅសមរភូមិបាកមូត ដែលជាទីក្រុងរ៉ែអំបិលមានប្រជាជនរស់នៅមុនសង្គ្រាមចំនួន ៨០,០០០នាក់ គឺមានរយៈពេលយូរ និងការបង្ហូរឈាមបំផុត គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីជាងមួយឆ្នាំមកនេះ៕