(វ៉ាសូវី)៖ រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក ម៉ារូស ប្លាស់ហ្សាក់ (Mariusz Blaszczak) នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា ទីក្រុងវ៉ាសូវី នឹងបញ្ជូនរថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន ១០គ្រឿងបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែនក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០២៣។

ក្នុងសន្និសីទសារព័ត៌មានមួយ លោក ប្លាស់ហ្សាក់ បានគូសបញ្ជាក់ថា «ប៉ូឡូញបានសន្យាថានឹងបញ្ជូនរថក្រោះ Leopard 2 សរុបចំនួន ១៤គ្រឿងទៅឲ្យអ៊ុយក្រែន ក្នុងនោះរថក្រោះចំនួន៤គ្រឿង បានប្រគល់រួចហើយ។ រីឯ ១០គ្រឿងផ្សេងទៀតរំពឹងថានឹងទៅដល់អ៊ុយក្រែនក្នុងសប្តាហ៍នេះ»

លោក ប្លាស់ហ្សាក់ បានបន្ថែមថា «យើងក៏បានកំណត់ពេលសម្រាប់កិច្ចពិភាក្សាជាមួយ លោក បូរីស ពីទូរូស (Boris Pistrius) រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។ បញ្ហាជាមូលដ្ឋានដែលយើងនឹងនិយាយគឺចំនួនទាបនៃគ្រឿងបន្លាស់ សម្រាប់រថក្រោះ Leopard។ បញ្ហានេះអាចដោះស្រាយជាចម្បងដោយឧស្សាហកម្មសព្វាវុធរបស់អាល្លឺម៉ង់ ហើយប៉ូឡូញក៏ត្រៀមខ្លួនជាស្រេចក្នុងការផលិតគ្រឿងបន្លាស់បែបនេះផងដែរ»

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិសហភាពអឺរ៉ុប ដែលរៀបចំឡើងនៅទីក្រុងស្តុកខុល (Stockholm) នៃប្រទេសស៊ុយអែត កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីសន្តិសុខរបស់អឺរ៉ុប និងការគាំទ្រសម្រាប់អ៊ុយក្រែន៕