(កៀវ)៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសថា អគ្គលេខាធិការ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) បានទៅដល់ប្រទេសអ៊ុយក្រែនហើយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីជួបប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅក្នុងដំណើរទស្សនកិច្ចលើកទី៣របស់លោក ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៧ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យរងរបស់ UN លោក ហ្វាហាន ហាក់ (Farhan Haq) បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា បច្ចុប្បន្ន លោក ហ្គូតឺរ៉េស កំពុងស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីបានទៅកាន់ប្រទេសប៉ូឡូញ។ លោក ហ្គូតឺរ៉េស ត្រៀមជួបលោក ហ្សេលេនស្គី នៅព្រឹកថ្ងៃពុធនេះ ហើយត្រលប់មកទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កវិញ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។

អ្នកនាំពាក្យរងរូបនេះ បានគូសបញ្ជាក់ថា «ក្រោយពេលចាកចេញពីទីក្រុងកៀវ លោក ហ្គូតឺរ៉េស មិនមានគម្រោងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូទេ។ កិច្ចពិភាក្សារវាងមេដឹកនាំនៃស្ថាប័នពិភពលោករូបនេះ ជាមួយលោក ហ្សេលេនស្គី បន្តផ្តោតលើគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ នៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ក៏ដូចជាបញ្ហាពាក់ព័ន្ធផ្សេងទៀត»

គួរបញ្ជាក់ថា មិនមានព័ត៌មានសំខាន់ណាមួយត្រូវបានផ្តល់ឲ្យនោះទេ ជុំវិញដំណើរទស្សនកិច្ចរបស់លោក ហ្គូតឺរ៉េស នៅអ៊ុយក្រែន។ លោក ហ្គូតឺរ៉េស បានដំណើរទៅកាន់ប្រទេសអ៊ុយក្រែនចំនួន ២លើករួចមកហើយ គឺនៅអំឡុងខែមេសា និងសីហាឆ្នាំ២០២២ គិតចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ៕