(វ៉ាស៊ីនតោន)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy បានទទួលស្គាល់ជាផ្លូវការពីផែនការជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅលើទឹកដីសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ២០២៣នេះ ប៉ុន្តែបានសង្កត់ធ្ងន់ថាជំនួបនេះមិនមែនមានន័យថាលោកច្រានចោលលទ្ធភាពបំពេញទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់នៅពេលក្រោយនោះទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP​​ នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ កាសែត Financial Times បានរាយការណ៍អំពីផែនការរបស់លោក McCarthy ជួបជាមួយលោកស្រី សៃ អ៉ីងវិន ក្នុងរដ្ឋកាលីហ្វ័ញ៉ា ហើយបើជំនួបនេះកើតឡើង មែន នោះលោកមិនចាំបាច់បំពេញទស្សនកិច្ចទៅកាន់តៃវ៉ាន់នោះទេ។ ប៉ុន្តែ នៅពេលត្រូវបានអ្នកសារព័ត៌មានសាកសួរពីជំនួបជាមួយលោកស្រី សៃ កាលពីយប់ថ្ងៃអង្គារសប្ដាហ៍នេះ លោក McCarthy បានគូសបញ្ជាក់ដូច្នេះថា «វាមិនមានជាប់ពាក់ព័ន្ធ អ្វីទាំងអស់នឹងដំណើរទស្សនកិច្ចរបស់ខ្ញុំ ប្រសិនបើខ្ញុំចង់ធ្វើដំណើរទៅតៃវ៉ាន់...ហើយចិនក៏គ្មានសិទ្ធិប្រាប់ខ្ញុំពីពេលវេលា និងកន្លែងដែលខ្ញុំចង់ទៅនោះដែរ»

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្ត្រអាមេរិក លោក Michael McCaul បាននិយាយថាលោក Kevin McCarthy មានផែនការបំពេញ​ ទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ នៅក្នុងឆ្នាំ២០២៣នេះ ឬនៅឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចបែបនេះនឹងបង្កភាពតានតឹងជាមួយចិន ដែលបានចាត់វិធានការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ អតីតប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៉ី នៅតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២៕