(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាសហរដ្ឋអាមេរិក មិនមែនកំពុងបង្កជម្លោះនោះទេ ហើយក៏មើលឃើញថាមិនមានការផ្លាស់ប្ដូរ នៅក្នុង ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើធ្វើឡើងដោយអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby និងជាការឆ្លើយតបទៅនឹងការព្រមានរបស់រដ្ឋមន្ត្រីការបរទេសចិន ឱ្យសហរដ្ឋអាមេរិកបញ្ឈប់ ការគាបសង្កត់ និងផ្លាស់ប្ដូរអាកប្បកិរិយាបច្ចុប្បន្នចំពោះទីក្រុងប៉េកាំង បើពុំដូច្នោះទេជម្លោះអាចនឹងផ្ទុះឡើងដោយចៀសមិនរួច។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក John Kirby បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងប្រកួតប្រជែងយុទ្ធសាស្ត្រជាមួយចិន។ យើងមិនមែនកំពុងបង្កជម្លោះនោះទេ។ យើងមានគោលបំណងប្រកួតប្រជែង ហើយយើងមានគោលបំណងយកឈ្នះនៅក្នុងការប្រកួតប្រជែងជាមួយ ចិន។ ប៉ុន្តែដាច់ខាត យើងចង់រក្សាការប្រកួតប្រជែងនៅក្រោមកម្រិតបែបនេះ»

គួរបញ្ជាក់ថា បើតាមលោក John Kirby សហរដ្ឋអាមេរិកគោរព «គោលនយោបាយចិនតែមួយ» ហើយមិនមានបំណងកែប្រែស្ថានភាពដើមពាក់ព័ន្ធនឹងតៃវ៉ាន់នោះដែរ។ លោក John Kirby ក៏បានជំរុញ ផងដែរកុំឱ្យចិនផ្ដល់ជំនួយយោធាដល់រុស្ស៉ី នៅក្នុងសង្រ្គាមឈ្លានពានអ៊ុយក្រែន ខណៈក្រុមមន្ត្រីអាមេរិកបង្ហាញក្ដីបារម្ភថាចិនអាចនឹងពិចារណាផ្ដល់អាវុធឱ្យទីក្រុងមូស្គូ បើទោះជាទីក្រុងប៉េកាំង បានទាត់ចោលការព្រួយបារម្ភបែបនេះ ដោយចាត់ទុកថាជារឿងមិនពិតក៏ដោយ៕