(វ៉ាស៊ីនតោន)៖ ព័ត៌មានស៊ើបការណ៍សម្ងាត់ថ្មីមួយដែលត្រូវបានផ្ទៀងផ្ទាត់ដោយក្រុមមន្ត្រីអាមេរិក បានបង្ហាញថាមនុស្សមួយក្រុមដែលគាំទ្រអ៊ុយក្រែន គឺជាអ្នកនៅពីក្រោយការវាយប្រហារបំផ្ទុះ បំពង់បង្ហូរឧស្ម័ន Nord Stream ដែលតភ្ជាប់ពីប្រទេសរុស្ស៉ី ទៅកាន់អឺរ៉ុប ប៉ុន្តែមិនមានភស្ដុតាងបញ្ជាក់ថារដ្ឋាភិបាលទីក្រុងកៀវ ឬលោក ហ្សេលេនស្គី មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ កាលពី ខែកញ្ញា ឆ្នាំ២០២២នេះនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នៅថ្ងៃពុធ ទី៨ ខែមីនា ឆ្នាំ២០២៣។

សារព័ត៌មាន New York Times បានឱ្យដឹងថាព័ត៌មានស៊ើបការណ៍សម្ងាត់ខាងលើ បានសន្មត់ថាអ្នកដែលនៅពីក្រោយការវាយប្រហារបំផ្ទុះបំពង់ឧស្ម័ន Nord Stream ដែលបានធ្វើឱ្យលេចធ្លាយឧស្ម័ន នៅក្រោមសមុទ្របាល់ទិក គឺជាមនុស្សមួយក្រុមជាជនជាតិអ៊ុយក្រែន ឬរុស្ស៉ី ឬក៏ក្រុមទាំង២នេះរួមបញ្ចូលគ្នា ហើយដែលពួកគេសុទ្ធសឹងតែប្រឆាំងនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែមិនបាន បញ្ជាក់លម្អិតពីសមាជិកក្រុមទាំងនេះ ឬក៏ថាតើនរណាជាបញ្ជា និងដឹកនាំប្រតិបត្តិការវាយប្រហារនេះឡើយ។ New York Times បានបញ្ជាក់បន្ថែមដូច្នេះថា «ក្រុមមន្ត្រីអាមេរិកបានបដិសេធបង្ហើបពី ប្រភពដើមនៃព័ត៌មានសម្ងាត់ដែលខ្លួនទទួលបាន ឬថាពួកគេទទួលបានព័ត៌មាននេះដោយរបៀបណានោះទេ ហើយក៏មិនទាន់មានការសន្និដ្ឋានជាចុងក្រោយណាមួយនោះដែរ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និង NATO បានហៅការវាយប្រហារលើបំពង់ឧស្ម័ន Nord Stream ដែលបានកើតឡើងអំឡុងខែទី៧ នៃសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន និងដែលបានបំផ្លាញ បំពង់បង្ហូរឧស្ម័នចំនួន៤ ដែលរត់កាត់តាមនៅក្រោមសមុទ្របាល់ទិក គឺជាទង្វើវិច្ឆេទកម្ម។ ទាំងសហរដ្ឋអាមេរិក និងរុស្ស៉ី បានចោទប្រកាន់គ្នាទៅវិញទៅមកលើករណីនេះ ហើយទីក្រុងមូស្គូបានអំពាវនាវ ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបើកការស៊ើបអង្កេតដោយឯករាជ្យ តែមិនមានភាគីណាមួយផ្ដល់ភស្ដុតាងនោះទេមកទល់នឹងពេលនេះ៕