(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានលើកឡើងនៅថ្ងៃអង្គារនេះ ពីភាពរឹងមាំនៃទំនាក់ទំនងចិន-រុស្ស៊ី ដោយនិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានផ្តល់នូវកម្លាំងជំរុញសម្រាប់ពហុភាគីនិយម។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

លោក Qin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅខាងក្រៅសម័យប្រជុំដំបូងនៃសភាប្រជាជនជាតិលើកទី១៤ ថា ទំនាក់ទំនងចិននិងរុស្ស៊ីមិនមែនជាការគំរាមកំហែងដល់ប្រទេសណាមួយទេ ហើយក៏មិនទទួលរងនូវការជ្រៀតជ្រែក ឬការខ្វែងគំនិតរបស់ភាគីទីបីដែរ។

លោកបាននិយាយថា ទំនាក់ទំនងទ្វេភាគីគឺផ្អែកលើការមិនចូលបក្សសម្ព័ន្ធ ការមិនប្រឈមមុខគ្នា ហើយក៏មិនប្រឆាំងនឹងភាគីទីបីណាមួយឡើយ ដោយលោកបានបន្ថែមថា «អ្នកដែលមានទំនោរមើលឃើញទំនាក់ទំនងរវាងប្រទេសទាំងពីរជាសម្ព័ន្ធភាពសង្រ្គាមត្រជាក់ វាគ្រាន់តែជាឆ្លុះបញ្ចាំងពីខ្លួនពួកគេប៉ុណ្ណោះ»

ទន្ទឹមនឹងនោះ លោក Qin ក៏បាននិយាយដែរថា «ពិភពលោកកាន់តែមិនស្ថិតស្ថេរ វាកាន់តែមានភាពចាំបាច់សម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញទំនាក់ទំនងរបស់ពួកគេឱ្យកាន់តែរឹងមាំ» ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរបស់ពួកគេជួយធានាបាននូវតុល្យភាពយុទ្ធសាស្រ្ត និងស្ថិរភាពពិភពលោក។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Qin នេះ បានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយសមភាគី លោក Sergey Lavrov និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសដទៃទៀត។ ពួកគេបានជួបគ្នាដាច់ដោយឡែកនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នៅទីក្រុង New Delhi ប្រទេសឥណ្ឌាកាលពីដើមខែនេះ។

ក្នុងជំនួបជាមួយលោក Lavrov ភាគីទាំងពីរបានសម្តែងក្តីសង្ឃឹមក្នុងការបង្កើនទំនាក់ទំនង និងផ្លាស់ប្តូរទស្សនៈស្តីពីវិបត្តិអ៊ុយក្រែនផងដែរ៕