(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយថា ប្រទេសចិនត្រូវតែពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីបន្ថែមទៀត ខណៈដែលពិភពលោកកាន់តែមានភាពច្របូកច្របល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

លោក​ Qin បានប្រាប់អ្នកយកព័ត៌មាននៅឯកិច្ចប្រជុំសភាប្រចាំឆ្នាំនៅទីក្រុងប៉េកាំងនៅថ្ងៃអង្គារនេះថា ទំនាក់ទំនងជិតស្និទ្ធរវាងមេដឹកនាំទាំងពីរគឺប្រធានាធិបតីចិន លោក Xi Jinping និងប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងចិន-រុស្ស៊ី។

លោក Qin បាននិយាយ​ការពារ​ទំនាក់ទំនង​មិត្តភាព​​រវាង​ចិន​និង​រុស្ស៊ី ​ដែលត្រូវបានលោកខាងលិច​ឃ្លាំមើល​យ៉ាង​ជិតស្និទ្ធ​ចំពោះ​សង្គ្រាម​នៅ​អ៊ុយក្រែន ​យ៉ាងដូច្នេះថា​ ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង​និង​ក្រុង​ម៉ូស្គូ​គឺ​ជា​ «គំរូ​សម្រាប់​ទំនាក់ទំនង​ការទូត​ពិភពលោក»

រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែតទៀតថា «មានតែពេលដែលចិន និងរុស្ស៊ីធ្វើការជាមួយគ្នាទេ ទើបពិភពលោកមានសន្ទុះ។ ពិភពលោកកាន់តែមិនមានស្ថេរភាព វាកាន់តែចាំបាច់សម្រាប់ប្រទេសចិន និងរុស្ស៊ីក្នុងការពង្រឹងទំនាក់ទំនងរបស់ពួកគេជាលំដាប់»