(តេហេរ៉ង់)៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ នៅថ្ងៃអង្គារនេះ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើអាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូរបស់ប្រទេសស៊ីរី ដោយពណ៌នាថាវាជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០២៣។

ការកត់សម្គាល់បែបនេះ របស់លោក Nasser Kanaani ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបង្ហោះនៅលើគេហទំព័ររបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយអ៊ីស្រាអែល នៅលើអាកាសយានដ្ឋានស៊ីវិល កាលពីព្រឹកថ្ងៃអង្គារនេះ។

លោកបានចង្អុលបង្ហាញថា អ៊ីស្រាអែលបានកំណត់គោលដៅអាកាសយានដ្ឋានរបស់ទីក្រុង ដែលជាច្រករបៀងដ៏សំខាន់សម្រាប់ការផ្តល់ជំនួយមនុស្សធម៌អន្តរជាតិទៅកាន់ទីក្រុងរបស់ស៊ីរី ក្នុងពេលដែលអ្នកដែលរងផលប៉ះពាល់ដោយការរញ្ជួយដីនៅអាឡិបប៉ូ នៅតែស្ថិតក្នុងស្ថានភាពលំបាកនៅឡើយ។

ដោយថ្កោលទោសការវាយប្រហារនេះថាជាករណីជាក់ស្តែងនៃ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» លោក Kanaani ក៏បានសម្តែងការសោកស្តាយដែលប្រទេសមួយចំនួនដូចជាលោកខាងលិច និងអង្គការសិទ្ធិមនុស្ស បានរក្សាភាពស្ងៀមស្ងាត់ចំពោះមុខការបន្តការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងឃោរឃៅ និងអមនុស្សធម៌លើប្រទេសស៊ីរី។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសស៊ីរី SANA បានរាយការណ៍ថា ការវាយប្រហារនៅថ្ងៃអង្គារនេះបានធ្វើឱ្យខូចខាតដល់ផ្លូវរត់ នៃអាកាសយានដ្ឋានអាឡិបប៉ូ ដោយមិនអាចដំណើរបានទៀត។

ទីក្រុងអាឡិបប៉ូ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរជាលទ្ធផលនៃសង្រ្គាមដ៏យូរឆ្នាំនៅក្នុងប្រទេសស៊ីរី វាក៏បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ នៅក្នុងការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារភាគខាងត្បូងតួកគី និងភាគពាយ័ព្យនៃប្រទេសស៊ីរីកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងទៅនេះ៕