(ម៉ានីល)៖ ទីភ្នាក់ងារតាមដានភូមិសាស្ត្រអាមេរិកបានឱ្យដឹងថា ការរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសហ្វីលីពីននៅថ្ងៃអង្គារនេះ ខណៈអាជ្ញាធរ​មូលដ្ឋាន​បាន​ព្រមានពីផលវិបាក និងការខូចខាតដែលអាចកើតមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី០៧ ខែមីនា ឆ្នាំ២០២៣។

បើតាមអាជ្ញាធរបានគូសបញ្ជាក់ថា ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​២​រសៀល (ម៉ោងក្នុងតំបន់) មានចម្ងាយប៉ុន្មានគីឡូម៉ែត្រពីក្រុង Maragosan នៃខេត្តជីករ៉ែមាសភ្នំ Davao de Oro នៅលើកោះមីនដាណាវ។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនមានរបាយការណ៍បញ្ជាក់អំពីការខូចខាតឬរបួសនៅឡើយនោះទេ ខណៈអាជ្ញាធរកំពុងពិនិត្យមើលរបាយការណ៍នៃការរអិលបាក់ដីនៅលើផ្លូវជាតិមួយ។

គួរបញ្ជាក់ថា ការរញ្ជួយដីចុងក្រោយគឺនៅក្នុងខែតុលា ដែលបានវាយប្រហារទីក្រុងភ្នំ Dolores ក្នុងខេត្ត Abra បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ក៏ដូចជាបំផ្លាញអគារ និងផ្តាច់ចរន្តអគ្គិសនីនៅតំបន់ភាគច្រើន៕