(បាកដាដ)៖ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) នៅថ្ងៃអង្គារនេះ បានបំពេញទស្សនកិច្ចដោយមិនប្រកាសឱ្យដឹងជាងមុន នៅប្រទេសអ៉ីរ៉ាក់ ខណៈសល់ត្រឹម២សប្តាហ៍ទៀតប៉ុណ្ណោះ គឺដល់គម្រប់ខួប២០ឆ្នាំ ក្រោយការឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក ដែលបានផ្តួលរំលំ​អតីតមេដឹកនាំអ៉ីរ៉ាក់ លោក សាដាម ហ៊ូសេន (Saddam Hussein)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ពេលទៅដល់ទីក្រុងបាកដាដ លោកប្រមុខការពារជាតិអាមេរិក បានបង្ហោះសារលើប្រព័ន្ធ Twitter យ៉ាងដូច្នេះថា «ខ្ញុំមកទីនេះដើម្បីបញ្ជាក់ជាថ្មីឡើងវិញ នូវភាពជាដៃគូយុទ្ធសាស្រ្តអាមេរិក-អ៉ីរ៉ាក់ ស្របពេលដែលពួកយើងបន្តឆ្ពោះទៅរកប្រទេសអ៉ីរ៉ាក់ ដែលមានសន្តិសុខ ស្ថិរភាព និងអធិបតេយ្យជាងមុន»។ ដំណើរទស្សនកិច្ចរបស់លោក អូស្ទីន កើតឡើងមុនគម្រប់ខួប២០ឆ្នាំ នៃការឈ្លានពានកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០០៣ ដែលបានផ្តាច់ជីវិតជនស៉ីវិលអ៉ីរ៉ាក់រាប់សែននាក់ ហើយបង្កឱ្យមានបញ្ហាអស្ថិរភាព ដែលបានជួយបើកផ្លូវសម្រាប់ ការកើនឡើងឥទ្ធិពលនៃក្រុមសកម្មប្រយុទ្ធ ISIS បន្ទាប់ពីសហរដ្ឋអាមេរិកបានដកកងកម្លាំង​របស់ខ្លួន ចេញទៅវិញកាលពីឆ្នាំ២០១១។ លោក អូស្ទីន ក៏ធ្លាប់មានតួនាទីជាមេបញ្ជាការចុងក្រោយបង្អស់ នៃកងកម្លាំងអាមេរិកប្រចាំនៅអ៉ីរ៉ាក់ផងដែរ។

កាលពីជំនាន់រដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អាមេរិកបានបញ្ជូនកងទ័ពរាប់ពាន់នាក់ត្រឡប់មកអ៉ីរ៉ាក់វិញ ព្រមទាំង​ទៅកាន់ប្រទេសស៉ីរី កាលពីឆ្នាំ២០១៤ ក្រោមផ្នែកនៃក្រុមយោធាចម្រុះអន្តរជាតិ ដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងក្រុម ​ISIS ដែលនៅពេលនោះដណ្តើម​កាន់កាប់បានទឹកដីមួយភាគធំរបស់អ៉ីរ៉ាក់និងស៉ីរី។ ក្រុម ISIS ត្រូវបានបោសសំអាតចេញពីអ៉ីរ៉ាក់កាលពី២០១៧ ប៉ុន្តែក្រុមនេះនៅរក្សាបណ្តាញទ្រង់ទ្រាយតូច ដែលបន្ត​សំងំលាក់ខ្លួននៅតាមតំបន់វាលខ្សាច់និងជួរភ្នំ ទាំងក្នុងប្រទេសអ៉ីរ៉ាក់និងស៉ីរី ដើម្បីធ្វើសកម្មភាពឆ្មក់វាយប្រហារណាមួយ។

កាលពីចុងឆ្នាំ២០២១ អ៉ីរ៉ាក់បានប្រកាសពីការបិទបញ្ចប់ប្រតិបត្តិការផ្នែកប្រយុទ្ធ របស់កងកម្លាំងយោធាចម្រុះអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ប៉ុន្តែទីក្រុងវ៉ាស៉ីនតោនមកទល់បច្ចុប្បន្ននៅរក្សាវត្តមាន កងទ័ពខ្ទង់២,៥០០នាក់ក្នុងប្រទេសអ៉ីរ៉ាក់ ក្រៅពី៩០០នាក់នៅស៉ីរី ដើម្បីជួយប្រឹក្សាយោបល់ ក៏ដូចជាផ្តល់ការបណ្តុះបណ្តាលផ្សេងៗ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក អូស្ទីន បានមកដល់ប្រទេសហ៊្សកដានី ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកទី២ របស់លោកនៅមជ្ឈិមបូព៌ា ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក។ ដំបូងឡើយមុនពេលចាកចេញពីសហរដ្ឋអាមេរិក គឺពុំមានការលើកអំពីគម្រោងទស្សនកិច្ច​នៅអ៉ីរ៉ាក់នោះទេ។ យ៉ាងណាមិញ លោក អូស្ទីន នឹងត្រូវបន្តដំណើរឆ្ពោះទៅកាន់ប្រទេសអេហ្ស៉ីបនិងអ៉ីស្រាអែលថែមទៀត ចំពោះមុខការកើនឡើងនៃភាពតានតឹង​រវាងអ៉ីស្រាអែលនិងប៉ាឡេស្ទីន៕