(តេហេរ៉ង់)៖ ទូរទស្សន៍រដ្ឋអ៉ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលរបស់ប្រទេស នៅថ្ងៃចន្ទសប្តាហ៍នេះបាននិយាយថា ការបំពុលសិស្សសាលាគឺជាឧក្រិដ្ឋកម្ម «មិនអាចលើកលែងបាន» ដែលគួរតែត្រូវទទួលទោសប្រហារជីវិតប្រសិនបើមានចេតនា ចំពេលមានកំហឹងជាសាធារណៈ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងមន្ត្រីអ៉ីរ៉ង់ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២២មក ក្មេងស្រីជាង ១,០០០នាក់ បានធ្លាក់ខ្លួនឈឺបន្ទាប់ពីត្រូវបានបំពុល ដោយក្រុមអ្នកនយោបាយមួយចំនួនដាក់បន្ទុកលើក្រុមសាសនា ដែលប្រឆាំងនឹងការអប់រំរបស់ក្មេងស្រី។ ការពុលបានចាប់ផ្តើមនៅក្នុងទីក្រុង Qom ហើយបានរីករាលដាលដល់ចំនួន ២៥ខេត្ត នៃខេត្តសរុបចំនួន៣១ របស់ប្រទេសអ៊ីរ៉ង់ ធ្វើឲ្យឪពុកម្តាយមួយចំនួននាំក្មេងៗចេញពីសាលារៀន ហើយធ្វើការតវ៉ា។

លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ (Ayatollah Ali Khamenei) ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍រដ្ឋដែលគូសបញ្ជាក់ថា «អាជ្ញាធរគួរតែបន្តយ៉ាងយកចិត្តទុកដាក់លើបញ្ហានៃការបំពុលសិស្ស៊។ ប្រសិនបើវាកើតឡើងដោយចេតនា នោះជនល្មើសនៃឧក្រិដ្ឋកម្ម ដែលមិនអាចលើកលែងទោសឲ្យបាននេះ គួរតែត្រូវកាត់ទោសប្រហារជីវិត»

គួរបញ្ជាក់ថា ករណីបំពុលសិស្សសាលាបានកើតមានឡើង ចំពេលដែលអ៉ីរ៉ង់កំពុងរងនូវការតវ៉ាទូទាំងប្រទេស ដោយផ្តើមចេញការស្លាប់របស់ស្រ្តីវ័យក្មេងម្នាក់ នៅឯមន្ទីរឃុំឃាំងរបស់ប៉ូលិស ក្រោយចោទថាបានបំពានច្បាប់នៃការស្លៀកពាក់៕