(ដាកា)៖ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាងច្រើនជាង ១២,០០០នាក់ ត្រូវបាត់បង់កន្លែងស្នាក់នៅដោយសារតែភ្លើងបានឆាបឆេះជំរំមួយ នៅទីក្រុងខូស បាហ្សា (Cox's Bazar) ដែលស្ថិតនៅឯភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដែស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ជនជាតិរ៉ូហ៊ីងយ៉ាជាងមួយលាននាក់ រស់នៅក្នុងជំរំក្នុងទីក្រុង Cox's Bazar ភាគច្រើនជាអ្នកដែលភៀសខ្លួនចេញពីការបង្រ្កាប ដែលដឹកនាំដោយយោធានៅមីយ៉ាន់ម៉ា ក្នុងឆ្នាំ២០១៧។ បើតាមទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) ជម្រកស្នាក់នៅជាង២,០០០ខ្នង និងទីតាំងផ្សេងៗជាង៩០ទៀត រួមមានទាំងមន្ទីរពេទ្យ និងមជ្ឈមណ្ឌលសិក្សាត្រូវបានបំផ្លាញដោយសារភ្លើងឆេះ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន។ អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវដល់រដ្ឋាភិបាលបង់ក្លាដែសឲ្យផ្តល់កន្លែងស្នាក់នៅ ប្រកបដោយសុវត្ថិភាពជាងមុនសម្រាប់ជនភៀសខ្លួន។

លោក មហាំម៉ាត់ មីហ្សានួ រ៉ាហ៍មែន (Mohammad Mizanur Rahman) ស្នងការទទួលបន្ទុកជួយជនភៀសខ្លួននិងធ្វើមាតុភូមិនិវត្តន៍ របស់បង់ក្លាដែស បានគូសបញ្ជាក់ថា «បង់ក្លាដែស កំពុងស៊ើបអង្កេតមូលហេតុនៃភ្លើងឆេះ។ នៅពេលដែលយើងទទួលបានរបាយការណ៍លម្អិត យើងនឹងដឹងច្បាស់ថាតើវាជាសកម្មភាពនៃការបំផ្លិចបំផ្លាញឬអត់»។

គួរបញ្ជាក់ថា ជារឿយៗអគ្គីភ័យបានឆាបឆេះនៅក្នុងជំរុំដែលមានមនុស្សច្រើន។ ករណីភ្លើងឆេះដ៏ធំមួយធ្លាប់បានកើតឡើង កាលពីខែមីនា ឆ្នាំ២០២១ ដោយបានសម្លាប់ជនភៀសខ្លួនយ៉ាងហោចណាស់ ១៥នាក់ និងបំផ្លាញទីជម្រកជាង ១០,០០០ខ្នង៕