(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់កូរ៉េខាងត្បូង បានរាយការណ៍ថា ក្រុមមន្រ្តីយោធាកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក កំពុងស្ថិតក្នុងការពិភាក្សាគ្នា ជុំវិញលទ្ធភាពនៃការបំពេញទស្សនកិច្ចរបស់ នាយសេនាធិការចម្រុះនៃយោធាអាមេរិក គឺលោក ម៉ាក មីលី (Mark Milley) នៅកំលុងចុងខែនេះ។ នេះបើតាម​ការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

យោងតាមប្រភពដែលទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ទទួលបាន គឺប្រសិនសម្រេចបានការព្រមព្រៀងគ្នាចុងក្រោយ លោក មីលី ទំនងជានឹង​មកបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ក្រោយប្រទេសទាំងពីរបិទបញ្ចប់ការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ហៅថា Freedom Shield ដែលនឹងប្រព្រឹត្តទៅ​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៣ ខែមីនា។ លើកចុងក្រោយបង្អស់ ដែលមេទ័ពកំពូលអាមេរិករូបនេះ បានមកធ្វើទស្សនកិច្ចនៅទីក្រុងសេអ៊ូល គឺកាលពីខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ថា មុនពេលមកទស្សនកិច្ចនៅកូរ៉េខាងត្បូង លោក ម៉ាក មីលី ក៏ត្រូវគេរំពឹងថា នឹងឆ្លៀតបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូផងដែរ ដើម្បីជារំលេចនូវ​សារសំខាន់នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់សហរដ្ឋអាមេរិក ជាមួយសម្ព័ន្ធមិត្តស្នូលទាំង២របស់ខ្លួន ប្រចាំនៅតំបន់អាស៉ី។ អាណត្តិរបស់លោក មីលី ក្នុងនាមជានាយសេនាធិការចម្រុះកងទ័ពអាមេរិក នឹងត្រូវបញ្ចប់នៅត្រឹមកំលុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ៕