(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិន លោក ឈិន កាង (Qin Gang) នៅថ្ងៃអង្គារនេះ បាននិយាយថា អាស៊ានគួរតែនៅឱ្យឆ្ងាយការប្រកួតប្រជែងអំណាចគ្នា រវាងក្រុមប្រទេសធំៗ ហើយមិនត្រូវដើរតួនាទីភ្នាក់ងាររបស់កម្លាំងខាងក្រៅណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី៧ ខែមីនា ឆ្នាំ២០២៣។

លោក ឈិន បានថ្លែងដូចខាងលើ កំលុងការឆ្លើយតបចំពោះការលើកឡើងដែលថា ក្រុមប្រទេសក្នុងតំបន់អាស៊ានកំពុងស្ថិតក្រោមសម្ពាធ ហើយកាន់តែជួបការលំបាកខ្លាំងឡើង ក្នុងការពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការធានាសន្តិសុខ និងទៅលើចិនសម្រាប់ផ្នែកសេដ្ឋកិច្ច។ លោកប្រមុខការទូតចិនបានបន្តថា យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៉ីហ្វិក របស់សហរដ្ឋអាមេរិក គឺជាការប៉ុនប៉ងបង្កើតបក្ខពួក ដែលនឹងប៉ះពាល់ផលប្រយោជន៍របស់ក្រុមប្រទេសក្នុងតំបន់។

លោក ឈិន បានកត់សម្គាល់ថា មេដឹកនាំនៃប្រទេសជាច្រើនក្នុងតំបន់ ធ្លាប់បាននិយាយហើយថា អាស៊ានមិនគួរដើរតួនាទីជា កូនអុករបស់ភាគីណាមួយនោះទេ។ បើតាមរដ្ឋមន្រ្តីការបរទេសចិនរូបនេះ ក្នុងនាមជាអ្នកកំណត់សន្តិភាពសម្រាប់ការអភិវឌ្ឍរបស់ពិភពលោក សហរដ្ឋអាមេរិកគួររៀបចំមូលដ្ឋានគ្រឹះ សម្រាប់​កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាជាងក្តារអុកសម្រាប់ការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

ជាចុងក្រោយ លោក ឈិន បានគូសបញ្ជាក់ថា ពុំគួរមានសង្រ្គាមត្រជាក់ណាមួយ ត្រូវដុតបញ្ឆេះឡើងឡើយ ហើយវិបត្តិដូចជាវិបត្តិនៅអ៊ុយក្រែនបច្ចុប្បន្ន ក៏មិនត្រូវអនុញ្ញាតឱ្យកើតឡើងច្រំដែល នៅក្នុងតំបន់អាស៉ីនោះដែរ៕