(ដាម៉ាស)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៉ីរីបានឲ្យដឹងថា អ៉ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាស ទៅលើអាកាសយានដ្ឋានក្នុងទីក្រុងអាឡិបប៉ូ (Aleppo) របស់ប្រទេសស៉ីរី ដោយបានបំផ្លាញផ្លូវរត់របស់យន្តហោះ និងនាំទៅដល់ការផ្អាកដំណើរការព្រលានយន្តហោះជាបណ្តោះអាសន្ន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ទីភ្នាក់ងារសារព័ត៌រដ្ឋ SANA របស់ប្រទេសស៉ីរី បានរាយការណ៍ថា ការវាយប្រហារដោយមីស៉ីលបានកើតឡើង នៅវេលាព្រឹកថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់)។ ដោយដកស្រង់ប្រភពពីយោធា ទីភ្នាក់ងារសារព័ត៌រដ្ឋស៉ីរី SANA បានឲ្យដឹងបន្ថែមថា អ៉ីស្រាអែលបានបើកការវាយប្រហារផ្លូវអាកាសចេញពី ទិសសមុទ្រមេឌីទែរ៉ាណេ ដែលស្ថិតនៅភាគខាងលិចទីក្រុងឡាតាគា (Latakia) សំដៅមកលើអាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូ (Aleppo) បានបណ្តាលឲ្យខូចខាតដល់សម្ភារៈក្នុងអាកាសយានដ្ឋាន ហើយត្រូវផ្អាកសេវាកម្មជាបណ្តោះអាសន្ន។ ភ្លាមៗនៅមិនទាន់មានការបញ្ជាក់ពី មន្រ្តីអ៉ីស្រាអែលទេ ជុំវិញសេចក្តីរាយការណ៍នេះ។

គួរបញ្ជាក់ថា ទីក្រុងអាឡិបប៉ូ ដែលរងការបំផ្លិចបំផ្លាញយ៉ាងខ្លាំងដោយសង្គ្រាមស៊ីវិលក្នុងប្រទេស ត្រូវរងការខូចខាតជាថ្មីម្តងទៀតបន្ទាប់ពីរញ្ជួយដីកម្រិត ៧.៨រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសតួកគី និងភាគពាយ័ព្យនៃប្រទេសស៉ីរី កាលពីខែកុម្ភៈ។ ចាប់តាំងពីពេលនោះមក ប្រទេសមួយចំនួនបានបញ្ជូនជំនួយមក តាមរយៈអាកាសយានដ្ឋានអាឡិបប៉ូ៕