(តូក្យូ)៖ គ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនមធ្យមស៊េរីថ្មីរបស់ជប៉ុន បានទទួលបរាជ័យក្នុងការបាញ់បង្ហោះលើកដំបូងនៅថ្ងៃអង្គារនេះ បន្ទាប់ពី​ម៉ាស៉ីននៅកំណាត់ទី២ របស់គ្រាប់រ៉ុក្កែតនោះ មិនអាចបញ្ឆេះបានតាមការគ្រោងទុក ពេលវាឡើងទៅដល់ទីអវកាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ការផ្សាយផ្ទាល់ដោយទីភ្នាក់ងារអវកាសជប៉ុន ចាសា (JAXA) បានបង្ហាញថា រ៉ុក្កែត H3 ដែលមានប្រវែង១៨៧ម៉ែត្រ បានហោះឡើងផុតពីដីដោយមិនមាន​បញ្ហាអ្វីសោះឡើយ ចេញពីមជ្ឈមណ្ឌលបង្ហោះគ្រាប់រ៉ុក្កែតអវកាស តាណេហ្កាស៉ីម៉ា (Tanegashima)។ ប៉ុន្តែក្រោយមក JAXA បានឱ្យដឹងថា ពេលដែលរ៉ុក្កែត H3 ឡើងទៅដល់លំហអវកាស ម៉ាស៉ីននៅកំណាត់ទី២របស់វាស្រាប់តែមិនអាចបញ្ឆេះបាន ជាហេតុបង្ខំឱ្យក្រុមមន្រ្តីបេសកកម្ម សម្រេចចិត្តបញ្ជូនកូដបញ្ជា ដើម្បីកម្ទេច​រ៉ុក្កែតនោះចោលក្នុងទីអវកាសតែម្តង។

គួរបញ្ជាក់ថា ភាពបរាជ័យខាងលើកើតឡើង បន្ទាប់ពីទីភ្នាក់ងារអវកាសជប៉ុន បានបញ្ឈប់ការបាញ់បង្ហោះរ៉ុក្កែត H3 ភ្លាមៗ កាលពីខែកុម្ភៈ បន្ទាប់ពីម៉ាស៉ីនជំនួយទាំង២គ្រឿង ដែលភ្ជាប់នៅសងខាងរ៉ុក្កែត មិនអាចបញ្ឆេះ។ វាគឺជារ៉ុក្កែតអវកាសស៊េរីថ្មីដំបូងបំផុតរបស់ប្រទេសជប៉ុន ក្នុងអំឡុងពេល៣ទសវត្សរ៍កន្លងមកនេះ។ រ៉ុក្កែត H3 ត្រូវបានអភិវឌ្ឍឡើង ដើម្បីដឹកជញ្ជូនផ្កាយរណបរបស់រដ្ឋាភិបាល និងស្ថាប័នស៉ីវិលឡើងទៅកាន់គន្លងអវកាស ក៏ដូចជាដើម្បីនាំយក​សម្ភារផ្គត់ផ្គង់ផ្សេងៗ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ (ISS) ក្នុងតម្លៃមួយដែលមានលក្ខណៈប្រកួតប្រជែងក្នុងទីផ្សារ។

ដោយឡែក កាលពីខែតុលា ឆ្នាំមុន ទីភ្នាក់ងារអវកាស JAXA បានបង្ខំចិត្តកម្ទេចរ៉ុក្កែតស៊េរី Epsilon នៅពាក់កណ្តាលទី កំលុងពេលវាកំពុងហោះឆ្ពោះឡើងទីអវកាស។ ហេតុការណ៍នោះ គឺជាបរាជ័យលើកដំបូងបំផុត នៃការបាញ់បង្ហោះរ៉ុក្កែតអវកាសរបស់ប្រទេសជប៉ុន គិតចាប់តាំងពីឆ្នាំ២០០៣មក៕