(យូអិន)៖ ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតឺរ៉េស (Antonio Guterres) នៅថ្ងៃចន្ទសប្តាហ៍នេះថាបានព្រមានថា សិទ្ធិស្ត្រីកំពុងត្រូវបាន «រំលោភបំពាន និងរងការគំរាមកំហែង» នៅជុំវិញពិភពលោក ហើយសមភាពយេនឌ័រនឹងមិនអាចសម្រេចបានក្នុងរយៈពេល ៣០០ឆ្នាំនោះទេ ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ននេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនាឱកាសបើកសម័យប្រជុំនៃគណៈកម្មាការស្តីពីស្ថានភាពស្ត្រីរបស់ UN ដែលជាស្ថាប័នអន្តរជាតិដើម្បីសមភាពយេនឌ័រ លោក ហ្គូតឺរ៉េស បាននិយាយថា វឌ្ឍនភាពដែលសម្រេចបានអស់ជាច្រើនឆ្នាំមកនេះ កំពុងរលាយសាបសូន្យ ពីព្រោះ «សង្គមដែលចាត់ទុកបុរសជាអ្នកមានអំណាចចម្បងនោះ កំពុងត្រឡប់មកវិញហើយ»។ ដូចជានៅអាហ្វហ្គានីស្ថាន «ស្ត្រី និងកុមារី ត្រូវបានដកចេញពីសង្គមរស់នៅជាសាធារណៈ» ។ ដោយឡែក នៅក្នុងប្រទេសជាច្រើនទៀត សិទ្ធិផ្លូវភេទ និងសិទ្ធិបន្តពូជរបស់ស្ត្រី កំពុងត្រូវ បានបំពាន ហើយក្មេងស្រីដែលគ្រាន់តែចង់ទៅសាលារៀន ត្រូវប្រថុយនឹងការចាប់ជំរិត ការវាយដំ។ លោកបន្ថែមទៀតថា ស្ត្រីដែលងាយរងគ្រោះពីការចាប់ខ្លួនរបស់ប៉ូលិស ក៏គួរតែត្រូវបានការពារផងដែរ។

លោក ហ្គូតឺរ៉េស បានគូសបញ្ជាក់ថា «រាប់ចាប់តាំងពីអ៊ុយក្រែន រហូតទៅដល់តំបន់សាហែល (Sahel) វិបត្តិ និងជម្លោះ បានប៉ះពាល់ដល់ស្ត្រី និងក្មេងស្រីមុនគេ ហើយមានសភាព អាក្រក់បំផុត។ អត្រាមរណៈមាតាកំពុងកើនឡើង ហើយផលប៉ះពាល់នៃវិបត្តិកូវីដ១៩ បង្ខំក្មេងស្រីឲ្យរៀបការ មិនអាចបន្តការសិក្សាបាន ធ្វើឲ្យស្រ្តីជាម្តាយ ឬអាណាព្យាបាល មិនទទួលបានការផ្គត់ផ្គង់គ្រប់គ្រាន់។ មនុស្សចំនួន ៣ពាន់លាននាក់ នៅតែមិនអាចប្រើប្រាស់អ៉ីនធឺណិត ដែលភាគច្រើនជាស្ត្រី និងក្មេងស្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រទេសអភិវឌ្ឍន៍តិចតួច។ មានតែស្ត្រីប្រមាណជា ១៩ភាគរយប៉ុណ្ណោះ ដែលអាចប្រើប្រាស់អ៉ីនធឺណិតបាន។ នៅទូទាំងពិភពលោក ក្មេងស្រី និងស្ត្រី មានត្រឹមតែមួយភាគបី ដែលមានឱកាសសិក្សាផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា»។

គួរបញ្ជាក់ថា ក្នុងសម័យប្រជុំរយៈពេលពីរសប្តាហ៍របស់ខ្លួន គណៈកម្មការស្តីពីស្ថានភាពស្ត្រីកំពុងផ្តោតលើការបិទបញ្ចប់គម្លាតយេនឌ័រនៅក្នុងវិស័យបច្ចេកវិទ្យា និងការច្នៃប្រឌិត។ ប៉ុន្តែប្រមុខ UN បានសង្កត់ធ្ងន់ថា ប្រធានបទនេះមិនអាចសម្រេចបានទាន់ពេលវេលាទេ ដោយសារតែស្ត្រី និងក្មេងស្រី ត្រូវបានទុកចោលនៅពេលដែលមានការប្រកួតប្រជែងខាងបច្ចេកវិទ្យា នាថ្ងៃខាងមុខ។ លោក ហ្គូតឺរ៉េស ក៏បានអំពាវនាវឲ្យមានសកម្មភាពជាបន្ទាន់ ដើម្បីធ្វើឲ្យអំណាចរវាងបុរស និងស្ត្រី មានភាពស្មើគ្នា៕