(ប៉េកាំង)៖ រដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បាននិយាយថាតៃវ៉ាន់គឺជា «បន្ទាត់ក្រហមទី១» របស់ចិន ដែលសហរដ្ឋអាមេរិក មិនត្រូវឆ្លងកាត់ជាដាច់ខាត នៅចំពោះមុខភាពតានតឹង នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

លោក Qin Gang ធ្វើការកត់សម្គាល់ខាងលើ ក្នុងពេលថ្លែងសុន្ទរកថានៅឯសន្និសីទសារព័ត៌មានជាលើកដំបូង ក្នុងនាមជារដ្ឋមន្ត្រីការបរទេសចិន កំលុងសម័យប្រជុំសភាប្រចាំឆ្នាំ ក្នុងទីក្រុង ប៉េកាំង នៅថ្ងៃអង្គារនេះ។ រដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបន្ថែមថាដំណោះស្រាយលើបញ្ហាតៃវ៉ាន់ គឺជាបញ្ហាមួយសម្រាប់ប្រជាជនចិន ហើយគ្មានប្រទេសណាមួយមានសិទ្ធិលូកលាន់ នោះទេ។ បន្ថែមពីលើនេះ លោក Qin Gang ក៏បានសង្កត់ធ្ងន់ឡើងវិញដែរថាចិនមានជម្រើសជាច្រើន នៅក្នុងការចាត់វិធានការចាំបាច់នានា ដើម្បីសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិ ជាមួយតៃវ៉ាន់។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក ឈូ គូឆេង (Chiu Kuo-cheng) នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានថា កោះតៃវ៉ាន់ត្រូវតែបង្កើនការប្រុងប្រយ័ត្នក្នុងឆ្នាំនេះ ចំពោះលទ្ធភាព នៃការធ្វើសកម្មភាពភ្លាមៗរបស់យោធាចិន ចូលមកក្នុងតំបន់ដែលកាន់តែកៀកនឹងទឹកដីរបស់ខ្លួន ខណៈដែលភាពតានតឹងនៅតែបន្តកើន​ឡើង រវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់។

លោក ឈូ បាននិយាយថា នៅក្នុងឆ្នាំនេះ យោធាចិនទំនងជាអាចនឹងរកលេស ដើម្បីធ្វើសកម្មភាពចូលមកតំបន់កាន់តែកៀកទៅនឹងដែនសមុទ្រ​ក៏ដូចជាដែនអាកាសរបស់តៃវ៉ាន់ថែមទៀត ខណៈកោះនេះកំពុងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកយោធា ជាមួយសហរដ្ឋអាមេរិកឱ្យកាន់តែស៉ីជម្រៅ។ បើតាមលោក ឈូ យោធាចិនអាចនឹងធ្វើសកម្មភាពភ្លាមៗ ចូលក្នុងតំបន់សមុទ្រ តភ្ជាប់របស់តៃវ៉ាន់ ហើយខិតមករឹតតែកៀកនឹងដែនទឹករបស់តៃវ៉ាន់ ដែលមានចម្ងាយ២២.២២គីឡូម៉ែត្រ​ពីបណ្តោយឆ្នេរ។ តៃវ៉ាន់ធ្លាប់បានប្តេជ្ញាប្រើសិទ្ធិការពារខ្លួននិងវាយបកតបតទៅវិញ ប្រសិនកងកម្លាំងប្រដាប់អាវុធចិន ចូលក្នុងទឹកដីរបស់ខ្លួន៕