(តៃប៉ិ)៖ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ នៅថ្ងៃអង្គារនេះបាននិយាយថាតៃវ៉ាន់ នឹងមិនអនុញ្ញាតឱ្យចិនបង្កហេតុម្ដងហើយម្ដងតទៀតនោះទេ នៅពេលត្រូវបានសាកសួរពីប្រតិកម្មរបស់ចិនចំពោះ សេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រអាមេរិក លោក Kevin McCarthy មានគម្រោងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន នៅលើទឹកអាមេរិក នៅប៉ុន្មានសប្ដាហ៍ ខាងមុខទៀតនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ​ ទី៧ ខែមីនា ឆ្នាំ២០២៣។

លោក Chiu Kuo-cheng រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ ធ្វើការកត់សម្គាល់ខាងលើប្រាប់សភាតៃវ៉ាន់ ប៉ុន្តែលោកអះអាងថាមិនបានដឹងពីផែនការរៀបចំជំនួបរវាងលោក McCarthy និងលោកស្រី សៃ នោះទេ។ ថ្លែងនាឱកាសនោះ លោក Chiu Kuo-cheng បានគូសបញ្ជាក់ដូច្នេះថា « ចិនកុម្មុយនិស្ត កំពុងរកលេសដើម្បីបញ្ជូនកងទ័ព។ យើងមិនត្រឹមតែត្រៀមលក្ខណៈប្រយុទ្ធ រួចជាស្រេចនោះទេ តែយើងក៏នឹងចាត់វិធានការប្រកបដោយហេតុផល និងដោយសន្តិវិធីផងដែរ»។ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់រូបនេះបន្ថែមថា ប្រសិនបើចិនបង្កហេតុសាជាថ្មី នោះការងារ របស់កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ គឺប្រយុទ្ធ។ «យើងនឹងមិនអនុញ្ញាតឱ្យមានទង្វើបង្កហេតុប្រឆាំងនឹងពួកយើងម្ដងហើយម្ដងទៀតនោះទេ យើងមិនអាចទទួលយករឿងមួយនេះបានជាដាច់ ខាត»។ នេះការបញ្ជាក់បន្ថែមរបស់លោក Chiu Kuo-cheng។​

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោក Chiu Kuo-cheng កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខាធី ( Kevin McCarthy) គ្រោងនឹង ជួបប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ លោកស្រី សៃ ត្រូវបានគេអញ្ជើញឲ្យមកកាន់ បណ្ណាយាល័យអតីតប្រធានាធិបតីអាមេរិក Ronald Reagan នៅពេលធ្វើដំណើរឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា (California) ក្នុងដំណើរទស្សនកិច្ចមួយរបស់លោកស្រីដែលបានគ្រោងទុក ទៅកាន់តំបន់អាមេរិកកណ្ដាល៕