(វ៉ាស៉ីនតោន)៖ ក្រុមមន្រ្តីអាមេរិក បានឱ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា ប្រធានសភាតំណាងរាស្រ្ត លោក ខេវីន ម៉ាកខាធី ( Kevin McCarthy) គ្រោងនឹងជួបប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅក្នុងសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានសប្តាហ៍ខាងមុខទៀតនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ដោយសារតែភាពរស៉ើបនៃបញ្ហានេះ ក្រុមមន្រ្តីខាងលើបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា លោកស្រី សៃ ត្រូវបានគេអញ្ជើញឲ្យមកកាន់បណ្ណាយាល័យអតីតប្រធានាធិបតីអាមេរិក Ronald Reagan នៅពេលធ្វើដំណើរឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ា (California) ក្នុងដំណើរទស្សនកិច្ចមួយរបស់លោកស្រីដែលបានគ្រោងទុកទៅកាន់តំបន់អាមេរិកកណ្ដាល។ លោក ម៉ាកខាធី ទំនងជានឹងជួបលោកស្រី សៃ នៅក្នុងសហរដ្ឋអាមេរិកតែម្តង ហើយប្រសិនបើជំនួបជាមួយលោកស្រី សៃ ពិតជាកើតឡើងមែន នោះលោក ម៉ាកខាធី នឹងមិនចាំបាច់ធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលដំបូងឡើយគ្រោងនឹង ធ្វើឡើងនៅក្នុងខែមេសា ឆ្នាំនេះនោះទេ។

យ៉ាងនេះក្តី ការិយាល័យរបស់ លោក ម៉ាកខាធី មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហានេះទេ រួមទាំងសំណួររបស់ Reuters ថាតើកិច្ចប្រជុំដែលបានគ្រោងទុកនៅលើទឹកដីសហរដ្ឋអាមេរិកបែបនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជៀសវាងការបង្កើនភាពតានតឹងជាមួយចិន ដែលធ្លាប់ខឹងសម្បារយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី នៅកោះតៃវ៉ាន់ កាលពីខែសីហា ឆ្នាំ២០២២ កន្លងមកនោះ។

គួរបញ្ជាក់ថា កាសែត Financial Times របស់សហរដ្ឋអាមេរិក ក៏បានរាយការណ៍ផងដែរអំពីផែនការជួបប្រជុំគ្នារបស់លោក ម៉ាកខាធី និងលោកស្រី សៃ នៅឯរដ្ឋកាលីហ្វ័រញ៉ា។ ក្នុងពេលផ្តល់បទសម្ភាសន៍ ដល់ទូរទស្សន៍ CNBC នៅព្រឹកថ្ងៃចន្ទសប្តាហ៍នេះ លោក ម៉ាកខាធី បានបដិសេធមិនឆ្លើយតបអំពីផែនការទៅកាន់កោះតៃវ៉ាន់ ដោយគ្រាន់តែនិយាយថាលោកនឹងប្រកាសឲ្យដឹង នៅពេលណាដែលលោកត្រូវទៅ៕