(សេអ៊ូល)៖ កូរ៉េខាងជើង បាននិយាយថាការបាញ់ទម្លាក់មីស៊ីលណាមួយនៅក្នុងចំណោមមីស៊ីលដែលខ្លួនធ្វើតេស្ដ នឹងត្រូវបានចាត់ទុកថាជា «ការប្រកាសសង្រ្គាម» ហើយបានថ្កោលទោសសមយុទ្ធយោធា រួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ជាដើមហេតុបង្កឱ្យមានភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៧ ខែមីនា ឆ្នាំ២០២៣។

ការព្រមានខាងលើនេះធ្វើឡើងដោយអ្នកនាង គីម យ៉ូ ជុង (Kim Yo Jong) ប្អូនស្រីរបស់លោក គីម ជុងអ៊ុន នៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ។ សេចក្ដីថ្លែងការណ៍នេះដដែលបានគូសបញ្ជាក់ដូច្នេះថា «ទីក្រុងព្យុងយ៉ាងនឹងចាត់ទុកថាវាជាការប្រកាសសង្រ្គាម ប្រសិនបើសហរដ្ឋអាមេរិកធ្វើសកម្មភាពយោធាប្រឆាំងនឹងការធ្វើតេស្ដ អាវុធយុទ្ធសាស្ត្រមួយរបស់កូរ៉េខាងជើង»។ បើតាមអ្នកនាង គីម យ៉ូជុង កូរ៉េខាងជើងក៏អាចនឹងធ្វើតេស្ដបាញ់មីស៊ីលបន្ថែមទៅកាន់តំបន់មហាសមុទ្រប៉ាស៊ីហ្វិកផងដែរ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមមានកូរ៉េខាងត្បូង និងជប៉ុន មិនដែលបានបាញ់ទម្លាក់មីស៊ីលបាលិស្ទីគដែលកូរ៉េខាងជើងធ្វើតេស្ដនោះទេ។ ប៉ុន្តែ ការធ្វើតេស្ដមីស៊ីលបាន និងកំពុងក្លាយ ជាបញ្ហាចោទ ចាប់តាំងពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបមួយគ្រាប់ហោះរំលងប្រទេសជប៉ុន កាលពីឆ្នាំ២០២២កន្លងទៅ។ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានដាក់ពង្រាយ យន្ដហោះទម្លាក់គ្រាប់បែក B-52 ឱ្យចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមគ្នាជាមួយយន្ដហោះចម្បាំងកូរ៉េខាងត្បូង ដើម្បីជាការបង្ហាញសាច់ដុំយោធាដាក់កូរ៉េខាងជើង៕