(ហ្សាការតា)៖ មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានមនុស្សយ៉ាងហោចណាស់ ១១នាក់បានស្លាប់ និងជាច្រើននាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីគ្រោះរអិលបាក់ដីមួយបានកើតឡើងនៅក្នុងខេត្តដីកោះ Riau ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ​ លោក Abdul Muhari បានប្រាប់ទូរទស្សន៍ Kompas TV ថា មានមនុស្ស ១១នាក់បានស្លាប់ និង ៥០នាក់ត្រូវបានគេប៉ាន់ស្មានថាកំពុងបាត់ខ្លួន ដោយបានបន្ថែមថា កត្តាភ្លៀងធ្លាក់ខ្លាំង និងស្ថានភាពដី គឺជាអ្នកទទួលខុសត្រូវចំពោះគ្រោះមហន្តរាយធម្មជាតិមួយនេះ។

លោកបានសង្កត់ធ្ងន់ថា «ចំនួនអ្នកស្លាប់និងរបួសអាចនឹងកើនឡើង» ខណៈដំណើរការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះកំពុងដំណើរការនៅឡើយ៕