(កៀវ)៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុង Bakhmut នៅភាគខាងកើតអ៊ុយក្រែនមានតម្លៃជានិមិត្តរូបច្រើនជាងសារៈសំខាន់នៃប្រតិបត្តិការ ហើយការដួលរលំរបស់វា នឹងមិនមានន័យថាទីក្រុងមូស្គូមានប្រៀបក្នុងសង្រ្គាមនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣។

លោក Austin បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសហ្ស៊កដានីថា «ខ្ញុំគិតថា (ទីក្រុង Bakhmut ) វាមានតម្លៃនិមិត្តសញ្ញាច្រើនជាងតម្លៃយុទ្ធសាស្ត្រ និងប្រតិបត្តិការ»។

លោកបានមានប្រសាសន៍បន្ថែមថា «ការរដួលរលំ នៃទីក្រុង Bakhmut នឹងមិនមានន័យថា រុស្ស៊ីផ្លាស់ប្តូរដំណើរនៃការប្រយុទ្ធនេះទេ»។

គួរបញ្ជាក់ថា សមរភូមិ Bakhmut បានផ្ទុះឡើងអស់រយៈពេលប្រាំពីរខែមកហើយ។ ហើយប្រសិនបើរុស្ស៉ីឈ្នះលើសមរភូមិនៅទីក្រុងដែលមានប្រជាជន មុនសង្គ្រាមប្រហែល ៧០,០០០នាក់មួយនេះមែន នោះវាប្រៀបដូចជាការផ្តល់ឱ្យទីក្រុងម៉ូស្គូនូវរង្វាន់ធំដំបូងសម្រាប់ការវាយលុករដូវរងារបស់ខ្លួន៕