(ម៉ានីល)៖ ក្រសួងបរិស្ថានហ្វីលីពីនបាននិយាយនៅពីថ្ងៃចន្ទនេះថា អាជ្ញាធរជឿថាពួកគេនឹងអាចរកឃើញទីតាំងនៃកប៉ាល់ដឹកប្រេង ដែលបានលិចកណ្តាលសមុទ្រកាលពីសប្តាហ៍មុន ខណៈពួកគេកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីវាយតម្លៃពីទំហំ នៃការធ្លាយប្រេង និងទំហំនៃការខូចខាតបរិស្ថានបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០២៣។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាដឹកប្រេង MT Princess Empress ត្រូវបានគេជឿថា បានលិចស្ថិតនៅជម្រៅប្រហែល ៣៦៦ម៉ែតពីនីវ៉ូទឹកសមុទ្រ ទោះបីជាព័ត៌មានទាំងនេះនៅតែត្រូវការផ្ទៀងផ្ទាត់ក៏ដោយ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា យានស្វយ័តដែលដំណើរការពីចម្ងាយនឹងត្រូវបានដាក់ពង្រាយដើម្បីជួយកំណត់ទីតាំងពិតប្រាកដនៃនាវាដឹកប្រេងនោះ។

អ្នក​ជំនាញ​បាន​និយាយ​ថា អាជ្ញាធរ​ចង់​ដឹង​ថា​តើ​មាន​ប្រេង​ប៉ុន្មាន​នៅ​ខាង​ក្នុងនាវានោះ ហើយត្រូវ​របៀប​បូម​ចេញ ឬ​បញ្ឈប់​ការ​លេច​ធ្លាយយ៉ាងដូចម្តេច។

យោងតាមឆ្មាំឆ្នេរសមុទ្រ កប៉ាល់នេះបានដឹកប្រេងឧស្សាហកម្មប្រហែល ៨០០,០០០លីត្រ នៅពេលដែលវាមានបញ្ហាម៉ាស៊ីននៅក្នុងសមុទ្រដ៏លំបាកកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើអ្វីជាមូលហេតុដែលនាំឱ្យនាវាដែលមានទង់ជាតិហ្វីលីពីន លិចនោះទេ ប៉ុន្តែសមាជិកនាវិកទាំង ២០នាក់ ត្រូវបានជួយសង្គ្រោះ មុនពេលវាធ្លាក់។

ទីភ្នាក់ងារគ្រោះមហន្តរាយបាននិយាយថា ប្រេងដែលកំពប់ត្រូវបានគេប្រទះឃើញនៅលើច្រាំងសមុទ្រ និងក្នុងទឹកឆ្នេរសមុទ្រក្បែរភូមិជាង60 នៅជិតកន្លែងដែលកប៉ាល់ត្រូវបានគេជឿថាបានលិច។

អ្នកវិទ្យាសាស្ត្រសមុទ្រនៅសាកលវិទ្យាល័យហ្វីលីពីនបាននិយាយថា ផ្កាថ្ម ព្រៃកោងកាង និងស្មៅសមុទ្រប្រហែល ៣៦,០០០ហិកតា ទំនងជាត្រូវបានរងផលប៉ះពាល់ដោយស្រទាប់ប្រេង៕