(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 មួយគ្រឿង ដែលមានសមត្ថភាពផ្ទុក​អាវុធនុយក្លេអ៊ែរ ចូលរួមសមយុទ្ធយោធានាថ្ងៃចន្ទនេះជាមួយកូរ៉េខាងត្បូង ដើម្បីជាការដំឡើងសាច់ដុំប្រឆាំងការគំរាមកំហែងមីស៉ីល និងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងសម្រេចបាននូវសន្តិភាពតាមរយៈភាពរឹងមាំ ដោយការបង្កើនការធ្វើសមយុទ្ធយោធារួមគ្នា។ ការធ្វើលំហាត់យោធាផ្លូវអាកាសខាងលើនេះ កើតមានឡើងស្របពេលទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៉ីនតោន កំពុងត្រៀមលក្ខណៈប្រារព្ធសមយុទ្ធយោធារួមប្រចាំឆ្នាំក្នុងទ្រង់ទ្រាយធំ ដែលមានរយៈពេលជាង១០ថ្ងៃ ចាប់ពីសប្តាហ៍ក្រោយទៅ។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់សម្ព័ន្ធមិត្តទាំងពីរ តែងតែបង្កឱ្យមានប្រតិកម្មពីកូរ៉េខាងជើង រួមមានទាំងការបាញ់តេស្តមីស៉ីលបាលិស្ទីគ ក៏ដូចជា​ការព្រមានពីអាវុធនុយក្លេអ៊ែរ។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងការបរទេសកូរ៉េខាងជើង បានទាមទារឱ្យអង្គការសហប្រជាជាតិបញ្ឈប់ជាបន្ទាន់នូវ ការធ្វើសមយុទ្ធយោធារួមរបស់អាមេរិកនិងកូរ៉េខាងត្បូង ក្រោមហេតុផលថា សកម្មភាពទាំងនេះកំពុងបង្កឱ្យភាពតានតឹងកើនឡើងក្នុងតំបន់៕