(មូស្គូ)៖ អភិបាលតំបន់រុស្ស៉ីជាប់ព្រំដែនអ៊ុយក្រែន បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានរងរបួស នៅក្នុងតំបន់បែលហ្គូរូដ (Belgorod) ដែលស្ថិតនៅឯភាគខាងត្បូងប្រទេស បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ទម្លាក់មីស៊ីលចំនួន ៣គ្រាប់នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣។

លោក វីយ៉ាឆេសលេវ គ្លេដកូវ (Vyacheslav Gladkov) អភិបាលតំបន់បែលហ្គូរូដ បានឲ្យដឹងតាមបណ្តាញតេឡេក្រាមថា កម្ទេចកម្ទីដែលធ្លាក់ចុះមក ប៉ះពាល់ដល់ខ្សែបណ្តាញអគ្គិសនីមួយចំនួននៅជិតទីប្រជុំជនណូវី អូសកូល (Novy Oskol) ប៉ុន្តែទំហំនៃការខូចខាតនៅមិនទាន់ដឹងនោះទេ។ លោក គ្លេដកូវ បានគូសបញ្ជាក់ថា ««គេគ្រាន់តែបានដឹងថា មានមនុស្សម្នាក់រងរបួសត្រង់ដៃ»។

អភិបាលតំបន់រូបនេះ មិនបាននិយាយពីអត្តសញ្ញាណរបស់អ្នកបាញ់មីស៊ីលនេះទេ ប៉ុន្តែកន្លងមកបានចោទប្រកាន់កងកម្លាំងអ៊ុយក្រែន ដែលស្ថិតនៅម្ខាងទៀតនៃព្រំដែនក្បែរនោះ សម្រាប់ការវាយប្រហារស្រដៀងគ្នានេះ។ ចំណែក អ៊ុយក្រែនស្ទើរតែមិនដែលប្រកាសទទួលខុសត្រូវជាសាធារណៈ ចំពោះការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ឬនៅលើទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែននោះទេ។

គួរបញ្ជាក់ថា តំបន់ Belgorod មានព្រំប្រទល់ជាប់នឹងតំបន់ខាកៀវ (Kharkiv) របស់អ៊ុយក្រែន ហើយធ្លាប់រងការបាញ់ប្រហារម្តងហើយម្តងទៀត ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កាលពីឆ្នាំ២០២២៕